ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសុខាភិបាលអំពាវនាវដល់យុវជនកុំសាកល្បង និងជឿតាមការឃោសនាថា បារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ជីភី ជាមធ្យោបាយផ្តាច់បារី

ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ កុំសាកល្បង សូម្បីតែមួយដង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ជី ភី ជាមធ្យោបាយផ្តាច់បារី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេច ធី ភី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ក្រសួងមានការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ដែលមានខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ខណៈផលិតទាំងនេះពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។

សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ជីភី (HTP-Heated Tobacco Product) ផងដែរកន្លងមក។

គួរឱ្យដឹងដែរថា បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទ ដែលភាគច្រើនមានផ្នែក សម្រាប់បញ្ចេញកំដៅ និងផ្នែកដែលផ្ទុកសារធាតុរាវ ហើយបញ្ចេញចំហាយដោយសារ ការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ជាទូទៅគេហៅថា វ៉េបភីង (Vaping) និង ត្រូវបានគេប្រើប្រាស់ជាមួយកញ្ញា និងសារធាតុញៀនផ្សេងទៀតផងដែរ។

ផលិតផលស៊ីហ្សា ឬអាចហៅម្យ៉ាងទៀតថាជា "ខៀរទឹក” និងមានរូបរាងច្រើនបែប។ ការសិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺដូច ការជក់បារី មានជាអាទិ៍៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមាន លទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះមហារីកប្លោកនោម។

ចំពោះផលិតផលអេចល្ប៍ ធី ភី (HTP-Heated Tobacco Product) គឺជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក