ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសង្គមកិច្ចរម្លឹកពីកិច្ចអន្តរាគមន៍ជំនួយសង្គមសំខាន់ចំនួន៥ ក្នុងដំណាក់កាលនៃការកើតមាននូវវិបត្តិផ្សេងៗ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុវត្តនូវកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន៥ ក្នុងដំណាក់កាលនៃការកើតមាននូវវិបត្តិផ្សេងៗ។

លោក ជា សុមេធី បានលើកឡើងដូចនេះក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានឱ្យដឹងថា កិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន៥ នោះមាន កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយបានផ្ដល់សេវាជូនអ្នកទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកាអស់ ៣២លានដុល្លារ ហើយកម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។

ក្នុងនោះក៏មាន កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដោយអនុវត្តបាន ចំនួន ៤២លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្តល់ ដល់គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ចំណាយថវិកាអស់ប្រមាណជាង ១ ៣០៦លានដុល្លារ ។

លោកបានឱ្យដឹងទៀតថា ក្រសួងក៏បានអនុវត្ត ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏ ២០ កុម្ភៈ ២០២១ ដែលបានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបាន បើកផ្តល់ដល់អ្នកទទួលផលចំនួន ១២៩ ៦៦៦គ្រួសារ ដោយចំណាយថវិកាចំនួន ៦,៦៨លានដុល្លារ។

ជាមួយគ្នានេះ ក៏មានកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្តល់ដល់អ្នកទទួលផលសរុបចំនួន ៩៩ ១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១,៧០លានដុល្លារ។

ទន្ទឹមនោះ ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណាដែល បានចាប់ផ្ដើមអនុវត្តនៅ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥ ៣០៧គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤លានដុល្លារ។

ថ្លែងក្នុងពិធីបើកសន្និបាតពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី សង្ឃឹមថាអង្គសន្និបាតនឹងលើកឡើងនូវបញ្ហាប្រឈមនានាដែលជួបប្រទះ ក្នុងអំឡុងពេលអនុវត្តការងារកន្លងមក និងផ្តល់ធាតុចូលថ្មីៗសម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងថ្ងៃអនាគត ជាពិសេស ដើម្បីប្រើប្រាស់ជាធាតុចូលសម្រាប់ជាមូលដ្ឋានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក