ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ពិធី «ឡើងមាឃ» ត្រូវបានអ្នកស្រុកអង្គរតែងតែធ្វើឡើង ដែលជាការបន្តថែរក្សាទំនៀមទម្លាប់បែបបុរាណយ៉ាងខ្ជាប់ខ្ជួន

សៀមរាប៖ ពិធី «ឡើងមាឃ» ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន។

យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អ្នកស្រុកអង្គរតែងធ្វើពិធី «ឡើងមាឃ» នៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតា នៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។

ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន។

នៅឆ្នាំនេះ ភូមិបង្កោងនឹងរៀបចំពិធី «ឡើងមាឃ» នៅថ្ងៃអាទិត្យ ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើពិធីចាប់ត្រីសម្រាប់ធ្វើម្ហូបថ្ងៃឡើងមាឃ នៅត្រពាំងបឹង វេលាម៉ោង៦ព្រឹក។ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

គួរឱ្យដឹងដែរថា ពិធីឡើងមាឃឬពិធីឡើងអ្នកតា អ្នកស្រុកអង្គរធ្វើឡើង ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី សុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អ្នកភូមិនគរក្រៅ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតាពិធីឡើងមាឃ ឬឡើងអ្នកតានេះ។ អ្នកភូមិដែលចូលរួម បានរៀបចំនំបញ្ចុក សម្លប្រហើរ សម្លការី នំចំណី និងផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកមករៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ។ ក្រៅពីនោះ ក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវ និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួង ដោយមានអ្នកស្នងរូប ដើម្បីឱ្យលោកតាបានរាំរែកសប្បាយ ជក់បារី ទទួលសម្លៀកបំពាក់ថ្មី អ្នកភូមិជឿថា បើអ្នកតាសប្បាយចិត្ត អ្នកភូមិនឹងបានសុខសប្បាយតរៀងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក