អន្តរជាតិ៖ ប្រធានាធិបតីនៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) លោក ណាយីប ប៊ូកេឡេ (Nayib Bukele) នៅថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថា លោកគឺជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសអែលសាល់វ៉ាឌ័រ និងបានបញ្ជាក់បន្ថែមទៀតថាលោកទទួលបានលទ្ធផលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ជាមួយសំឡេងគាំទ្រប្រមាណជា ៨៥ភាគរយនៃសំឡេងឆ្នោតសរុប។ ទោះជាយ៉ាងណាក្ដី នៅមិនទាន់មានការប្រកាសផ្លូវការណាមួយដែលធ្វើឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅឡើយទេ។
លោក Bukele ហាក់ត្រូវបានគេមើលឃើញថាជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការបន្តតំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត ខណៈប្រជាពលរដ្ឋភាគច្រើនពុំសូវចាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យអ្វីនោះឡើយ ក៏ប៉ុន្តែគ្រប់គ្នាចាប់អារម្មណ៍លើស្នាដៃរបស់លោកក្នុងការបង្ក្រាបក្រុមក្មេងទំនើងដ៏កាចសាហាវ ដែលបាននាំមកនូវសន្តិសុខសង្គមយ៉ាងល្អប្រសើរសម្រាប់ប្រទេសស្ថិតនៅតំបន់អាមេរិកកណ្ដាលមួយនេះ។
លោក Nayib Bukele ដែលបច្ចុប្បន្នមានវ័យ ៤២ឆ្នាំបានប្រកាសថា គណបក្សគំនិតថ្មី (New Idea Party) របស់លោក បានច្បាមយកកៅអីយ៉ាងហោចណាស់ ៥៨អាសនៈក្នុងចំណោមអាសនៈចំនួន ៦០ នៃសភានីតិប្បញ្ញត្តិរបស់អែលសាល់វ៉ាឌ័រ ដោយផ្អែកលើទិន្នន័យមួយដែលលោកទទួលបាន។ នៅលើបណ្ដាញសង្គម X លោក Bukele បញ្ជាក់ថា៖ "ជាកំណត់ត្រាមួយសម្រាប់ប្រព័ន្ធប្រជាធិបតេយ្យរបស់ពិភពលោក។ ជួបគ្នានៅឯវិមានជាតិនៃអែលសាល់វ៉ាឌ័រ នាម៉ោង ៩យប់នេះ"។
យ៉ាងណាមិញ មន្រ្តីទទួលបន្ទុករៀបចំការបោះឆ្នោតពុំទាន់មានការឆ្លើយតបណាមួយលើការលើកឡើងរបស់ប្រធានាធិបតីរូបនេះឡើយ ខណៈមណ្ឌលបោះឆ្នោតបានប្រកាសបិទទ្វារនៅម៉ោង ៥ល្ងាច ហើយការប្រកាសពីជ័យជម្នះរបស់លោក Bukele ធ្វើឡើងនៅម៉ោងប្រមាណ ៧យប់។ បច្ចុប្បន្ន លោក Bukele ត្រូវបានគេមើលឃើញថាជាបេក្ខភាពប្រធានាធិបតីដែលបានជាប់ឆ្នោតផ្ទួនៗសាជាថ្មី ដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយសត្សវត្សរបស់ប្រទេសដែលមានប្រជាជនជាង ៦,៣លាននាក់នេះ៕