កីឡា៖ អ្នកគាំទ្រនៅហុងកុងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទិញសំបុត្រចូលទស្សនាការប្រកួតរវាងជម្រើសហុងកុង ទល់នឹងក្រុម Inter Miami នាថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញនេះ ប៉ុន្តែជាក់ស្តែងក្នុងការប្រកួតខាងលើ កីឡាករ Lionel Messi មិនបានចូលលេងក្នុងការប្រកួតនេះឡើយ។
រដ្ឋបាលហុងកុងបានបញ្ជាក់ថា ក្រុមអ្នករៀបចំការប្រកួតបានជំពាក់អ្នកគាំទ្រទាំងអស់ដែលទាមទារឱ្យបកស្រាយ សម្រាប់ការប្រកួតដែល Inter Miami បានយកឈ្នះលើជម្រើសហុងកុង (Hong Kong XI) ក្នុងលទ្ធផល ៤-១។ ជាក់ស្ដែងក្នុងការប្រកួតនេះ Messi ដែលកំពុងមានរបួសសរសៃពួរនោះ ពុំបានបង្ហាញវត្តមានលើទីលានឡើយ ពោលគឺអង្គុយបម្រុងពេញមួយប្រកួតតែម្តង។
អវត្តមានរបស់ Messi លើទីលានបានបង្កឱ្យមានការខឹងសម្បារជាខ្លាំងពីអ្នកគាំទ្រ ដែលបានចំណាយលុយជាង ១,០០០ដុល្លារហុងកុង (១២៥ដុល្លារអាមេរិក) ដើម្បីទិញសំបុត្រចូលរួមទស្សនា ខណៈការប្រកួតនេះមានអ្នកគាំទ្រនៅទីលានផ្ទាល់ចំនួន ៣៨,៣២៣នាក់ ដោយអ្នកគាំទ្រមួយចំនួនបានចាយលុយទិញសំបុត្រតគ្នារហូតដល់តម្លៃជាង ៥០០ដុល្លារអាមេរិកក៏មាន។ នៅពាក់កណ្ដាលតង់ទី២ អ្នកគាំទ្រចាប់ផ្តើមស្រែកស្រុះៗគ្នាថា "យើងចង់មាន Messi" (We Want Messi) កងរំពងពេញកីឡដ្ឋាន ខណៈវត្តមាន Messi គឺជាការទាក់ទាញអ្នកគាំទ្រយ៉ាងសម្បើមមកកាន់ការប្រកួតនេះ។
សម្រែកដែលសម្ដែងការមិនពេញចិត្តកាន់តែឮខ្លាំងឡើង អំឡុងពេល ១០នាទីចុងក្រោយនៃការប្រកួត ស្របពេលដែលអ្នកគាំទ្រកាន់ច្បាស់ថា Messi នឹងមិនអាចចូលលេងបាន សូម្បីតែប៉ុន្មាននាទីចុងក្រោយ។ ប្រធានក្លិប Inter Miami គឺលោក David Beckham បានព្យាយាមនិយាយមកកាន់អ្នកគាំទ្រ ប៉ុន្តែនៅតែមិនអាចរម្ងាប់កំហឹងរបស់ពួកគេបានឡើយ ដោយអ្នកគាំទ្រលើកឡើងស្រដៀងៗគ្នាថា ពួកគេមានអារម្មណ៍ថាត្រូវបានគេបោកប្រាស់។
អ្នកគាំទ្រម្នាក់បានប្រាប់មកកាន់សារព័ត៌មានថា៖ "គេពិតជាខកចិត្តណាស់! គេមកទស្សនាការប្រកួតនេះដោយសារចង់ឃើញវត្តមាន Messi ប៉ុន្តែត្រូវបានគេបោកប្រាស់ទៅវិញ"។ អ្នកគាំទ្រដដែលបញ្ជាក់ថា "ប្រសិនបើគ្មានវត្តមាន Messi នេះគ្រាន់ត្រឹមជាការប្រកួតក្នុងហុងកុងធម្មតាដែលមានសំបុត្រតម្លៃ ៨០ដុល្លារហុងកុងប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងអ្នកខ្លះបានចំណាយដល់ទៅ ៥,០០០ដុល្លារហុងកុងដើម្បីទិញសំបុត្រទស្សនា"។
ដោយឡែក គ្រូបង្វឹក Inter Miami បានថ្លែងថា៖ "ពួកយើងយល់ពីការខកចិត្តរបស់អ្នកគាំទ្រចំពោះអវត្តមានរបស់ Messi។ ដូច្នេះពួកយើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីការសុំអភ័យទោសពីសំណាក់ពួកគេទាំងអស់គ្នា។ ពួកយើងពិតជាចង់ដាក់ Messi លេងយ៉ាងហោចណាស់ក៏ប៉ុន្មាននាទីដែរ ប៉ុន្តែធ្វើបែបនេះវាពិតជាប្រថុយប្រថានខ្លាំងណាស់"។ គួរឱ្យដឹងថា ទន្ទឹមនឹងរបួសនេះ Messi ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជាស្រេច សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ៕