ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ថៃ ប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខភាពសាធារណៈ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជួបគ្នានេះ ក៏មានវត្តមាន លោក ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅកម្ពុជា ដែលបានទទួលការអនុញ្ញាត ចូលរួមជួបសម្តែង ការគួសមដោយផ្ទាល់ នាទីស្តីការក្រសួងបរិស្ថាន។

លោក ឈឺតគៀត អាតថាខន បានថ្លែងនូវការអរគុណចំពោះ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសម ជាពិសេសគឺបានអនុញ្ញាតឱ្យលោក ចាក់កាពុង សុងម៉ានី បានជួបពិភាក្សាការងារ តាមទូរស័ព្ទផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ បានលើកឡើងដល់រដ្ឋមន្រ្តី អ៊ាង សុផល្លែត អំពីបញ្ហាផ្សែងអ័ព្ទ ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ហើយបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចំពោះបញ្ហានេះប្រទេសថៃ ចាំបាច់ត្រូវការការរួមចំណែក ពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមាន ក្រុមការងារ ឧបករណ៍បច្ចេកទេស សម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ ព្រមទាំងបង្កើតជាប្រព័ន្ធ Hot-Line ពិសេស រវាងថៃនិងកម្ពុជា។

ទន្ទឹមនោះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះអនុរដ្ឋមន្រ្តី ប្រទេសថៃ ដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះបរិស្ថានក្នុងតំបន់។

រដ្ឋមន្រ្តីបរិស្ថានបានថ្លែងថា ជាការពិតបរិស្ថានមិនមានដែនកំណត់ ដូចព្រំប្រទល់ នៃប្រទេសនីមួយៗនោះទេ ហើយការណ៍នេះ យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងសំអាតប្រទេសយើង ឱ្យស្អាតដូចដែលយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់កម្ពុជា បានដាក់ចេញ ហើយដែលក្រសួងបរិស្ថានបានកំពុង អនុវត្តលើគោលដៅអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាការឆ្លើយតបចំពោះក្តីបារម្ភលើផ្សែងអ័ព្ទនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកបង្ហាញ នូវរបាយការណ៍ ដែលកម្ពុជាបានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ស្វ័យប្រវត្តិ និងស្ថានីយតាមដាន ត្រួតពិនិត្យគុណភាពខ្យល់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

លោកបានបញ្ជា់ថា ជាលទ្ធផល សន្ទស្សន៍គុណភាពខ្យល់ ត្រូវបានស្រង់និងបង្ហាញស្ថិតក្នុងកម្រិតល្អប្រសើរ ដោយមានការប្រែប្រួលក្នុងកម្រិតតិចតួចប៉ុណ្ណោះ គឺកម្រិតភាគល្អិតនិចល PM2.5 មានជាមធ្យមចន្លោះពី ៩,២១ µg/m3 ទៅ ៣២,៦៨ µg/m3 (កម្រិតស្តង់ដារ PM2.5 គឺតូចជាង ៥០ µg/m3)។ កម្រិតសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា នាពេលកន្លងមកនេះ មិនមានការបង្កហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋកម្ពុជាទេ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនឹងការបំពុល ទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក ទើបក្នុងរយៈពេលជាង ១០០ថ្ងៃកន្លងមកនេះ ឯកឧត្តមបានដាក់ចេញ នូវយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ (blue sky campaign) ដែលស្រដៀងនឹងកម្មវិធី Clear Sky របស់ប្រទេសថៃដែរ។

ភាគីកម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អ ទៅវិញទៅមក ឆ្លើយតបនឹងការទប់ស្កាត់ផ្សែងអ័ព្ទ ការបំពុលដោយសំណល់ និងប្លាស្ទិក នៅក្នុងបរិយាកាស ដើម្បីជំរុញឱ្យប្រទេសជាមិត្ត ក្នុងតំបន់អាស៊ានមានភាពស្អាត គឺស្អាតទាំងបរិយាកាស ជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក