ភ្នំពេញ៖ ករណីជនបង្កជិះឡាន Jeep ដែលបានបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យភាគីម៉ូតូបាត់បង់ជីវិតនោះ ពេលនេះគ្រួសារជនសង្ស័យបានផ្តល់សំណងរដ្ឋប្បវេណី ៩៥ ០០០ដុល្លារ ខណៈភាគីម៉ូតូក៏មានឆន្ទៈបញ្ចប់សំណុំរឿងព្រហ្មទណ្ឌផងដែរ។
ដំណោះស្រាយនេះក្រោមការសម្របសម្រួលពីលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន។
បើយោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ ក្រៅពីព្រមព្រៀងលើសំណងរដ្ឋប្បវេណីភាគីទាំង២ ក៏មានឆន្ទៈបញ្ចប់សំណុំរឿងព្រហ្មទណ្ឌផងដែរ ទន្ទឹមនឹងការសន្យាបញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឲ្យប៉ះពាល់ដល់គ្នា និងមិនបង្កជាបញ្ហាវិវាទណាមួយទាក់ទងនឹងសំណុំរឿងនេះទៀតទេ។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep និងម៉ូតូ ដែលបណ្តាលឱ្យភាគីម៉ូតូបាត់បង់ជីវិតនេះ កើតឡើងកាលពីយប់ថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងសំណុំរឿងនេះ អ្នកបើកបររថយន្តត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដាក់ត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ៕