Vidal ចុះពីលើឧឧទ្ធម្ភាគចក្រ និងជិះលើខ្នងសេះយ៉ាងឡូយក្នុងថ្ងៃបង្ហាញខ្លួនជាមួយក្លិបកុមារភាពនៅឈីលី
ឈីលី៖ កីឡាករ Arturo Vidal បានវិលត្រឡប់ទៅចូលរួមជាមួយក្លិបពីកុមារភាពរបស់គេគឺក្លិបបាល់ទាត់ Colo Colo ឡើងវិញហើយ ព្រមទាំងបានបង្ហាញវត្តមានយ៉ាងប្លែកជាលើកដំបូងនៅឯកីឡដ្ឋាន Estadio Monumental David Arellano ពោលគឺគេបានបង្ហាញវត្តមានចុះពីលើឧឧទ្ធម្ភាគចក្រស្លៀកពាក់ជាស្តេច និងជិះសេះជុំវិញទីលាន ដោយក្នុងដៃមានកាន់ដាវមួយផងដែរ។
ក្នុងពិធីស្វាគមន៍កីឡាករវ័យ ៣៦ឆ្នាំរូបនេះ ក៏មានការចូលរួមទស្សនាផ្ទាល់ពីអ្នកគាំទ្រចំនួន ៣០,០០០នាក់ ក្រោយការប្រកាសចូលរួមជាមួយក្លិបជាផ្លូវការកាលពីខែមុន បន្ទាប់ពីចែកផ្លូវជាមួយក្លិបប្រេស៊ីល Atletico Paranaense និង Flamengo ជាក្លិបដែលគេបានរួមចំណែកឈ្នះពាន Copa do Brasil និង Copa Libertadores។
ក្នុងវត្តមានជាលើកដំបូង Vidal បាននិយាយទៅកាន់អ្នកគាំទ្រថា៖ "សួស្ដីប្រជាជនរបស់ខ្ញុំទាំងអស់គ្នា! ខ្ញុំពិតជាសប្បាយចិត្តណាស់ ដោយសារអ្នកគាំទ្រទាំងអស់គ្នាបានទិញសំបុត្រអស់គ្នាសល់ក្នុងថ្ងៃដ៏ពិសេសនេះសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ភ័យណាស់ ហើយទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយ និងសូមអរគុណអ្នកទាំងអស់គ្នាអស់ពីក្រអៅបេះដូងខ្ញុំតែម្តង"។ គេបន្ថែមថា៖ "ខ្ញុំនឹងតបស្នងទៅកាន់អ្នកគាំទ្រទាំងអស់គ្នាវិញនូវរាល់ប្រកួតដែលខ្ញុំចូលលេង! ប្រាកដណាស់ថាយើងនឹងលើកពានជាច្រើនជាមួយគ្នានៅចុងឆ្នាំនេះ។ ថាមិនត្រូវ ប្រហែលជាការឈ្នះពាន Libertadores ផងក៏ថាបាន"។
ដោយត្រូវបានចាត់ទុកជាវីរបុរសបាល់ទាត់ឈីលីមួយរូប Vidal បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនក្នុងវ័យត្រឹម ១៥ឆ្នាំជាមួយក្លិប Colo Colo និងបានជួយឱ្យក្លិបឈ្នះជើងឯកជាតិ ៣ដងផងដែរ។ ក្រោយមកគេបានផ្លាស់ទៅលេងជាមួយក្លិបធំៗនៅអឺរ៉ុបរួមមាន Bayern Munich ដែលនៅទីនោះបានឈ្នះពានលីគកំពូល ៣ដង German Super Cup ២ដង និងផ្លាស់ទៅ Barcelona ព្រមទាំងឈ្នះពាន La Liga និងពាន Spanish Super Cup។ មិនត្រឹមតែប៉ុណ្ណោះ Vidal បានឈ្នះពាន Italia Serie A ចំនួន ៥ដងផងដែរ ដោយឈ្នះជាមួយ Inter Milan ម្តង និងឈ្នះជាមួយ Juventus ៤ដង។
ជាមួយក្រុមជម្រើសជាតិឈីលីវិញ Arturo Vidal បង្ហាញខ្លួនសរុប ១៤២ប្រកួតជាមួយក្រុមជម្រើសជាតិ ព្រមទាំងបានចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ និង ២០១៤ ផងដែរ ព្រមទាំងរួមចំណែកឱ្យឈីលីគ្រងជើងឯក Copa America ចំនួន ២ដងនៅឆ្នាំ២០១៥ និង២០១៦៕