សហរដ្ឋអាមេរិក៖ ក្រោមវត្តមានរបស់ប្រធានាធិបតីជាអ្នកទទួលដោយផ្ទាល់ អដ្ឋិធាតុទាហានអាមេរិកបីនាក់ដែលត្រូវបានសម្លាប់នៅហ្ស៊កដានីក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកដល់មាតុប្រទេសវិញជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈម្សិលមិញនេះ។
គួរបញ្ជាក់ថា ទាហានអាមេរិកចំនួន ៣នាក់បានទទួលមរណភាពកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានគេបង្ហាញអត្តសញ្ញាណដូចខាងក្រោមដែលរួមមានពលទាហាន William Jerome Rivers មានវ័យ ៤៦ឆ្នាំ ដែលមកពីទីក្រុង Carrollton រដ្ឋ Georgia, កងកម្លាំងទាហានជំនាញ Kennedy Ladon Sanders មានវ័យ ២៤ឆ្នាំ មកពីទីក្រុង Waycross រដ្ឋ Georgia និងពលទាហាន Breonna Alexsondria Moffett វ័យ ២៣ឆ្នាំ មកពីទីក្រុង Savannah រដ្ឋ Georgia។
ក្នុងពិធីទទួលអដិ្ឋធាតុនេះ លោកប្រធានាធិបតី Joe Biden បានបង្ហាញវត្តមានជាមួយក្រុមគ្រួសារសពនៅឯមូលដ្ឋានទ័ពអាកាស Dover រដ្ឋ Delaware ដែលកងទ័ពអាកាសអាមេរិកបានពណ៌នាពិធីនេះថាជាការទទួលអដ្ឋិធាតុដ៏មានកិត្តិយសបំផុត។ គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិកក៏បានមានជំនួបជាលក្ខណៈឯកជនជាមួយក្រុមគ្រួសារសពពលទាហានទាំងបីរូបផងដែរ មុននឹងចេញមកទទួលមឈូសដែលដណ្ដប់ដោយទង់ជាតិអាមេរិក ដែលត្រូវបានគេដង្ហែរចេញពីរថយន្តដឹកជញ្ជូនម្តងមួយៗ។ លោក Joe Biden ក៏ធ្លាប់បានទូរសព្ទផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពម្តងហើយកាលពីថ្ងៃអង្គារកន្លងទៅ។
គួររំឮកថា ហេតុការណ៍វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ទៅលើប៉ុស្តិ៍យាមរបស់អាមេរិកនៅហ្ស៊កដានីដែលត្រូវបានគេស្គាល់ថាជាប៉មទី២២ ក៏បានបណ្ដាលឱ្យមនុស្សជាង ៤០នាក់រងរបួសផងដែរ។ ហេតុការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីសង្គ្រាមដែលនឹងអាចផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមដែលកំពុងកើតឡើងរវាងក្រុមហាម៉ាស ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ លោក Biden បានបញ្ជាក់ថា អាមេរិកបានសម្រេចចិត្តរួចរាល់ហើយអំពីការចាត់វិធានការឆ្លើយតបចំពោះហេតុការណ៍ដែលកើតមាននៅហ្ស៊កដានីនេះ។
ជាក់ស្ដែង កាលពីថ្ងៃសុក្រយោធាអាមេរិកបានបើកការវាយប្រហារផ្លូវអាកាសសងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលគាំទ្រដោយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ទាំងនៅអ៊ីរ៉ាក់ ព្រមទាំងនៅស៊ីរី។ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការឆ្លើយតបរបស់យើងបានចាប់ផ្តើមនៅថ្ងៃនេះ។ វានឹងបន្តនៅពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស"។ លោកបន្ថែមថា៖ "សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកទេ។ ប៉ុន្តែសូមឱ្យអស់អ្នកដែលចង់ធ្វើបាបយើងដឹងរឿងនេះថា ប្រសិនបើអ្នកធ្វើបាបជនជាតិអាមេរិក យើងនឹងចាត់វិធានការឆ្លើយតបទៅវិញភ្លាម"៕