នាយករដ្ឋមន្ត្រីណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឡើងវិញ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រួតពិនិត្យឡើងវិញនូវការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ ជាពិសេសផ្ទាំងប៉ាណូនៅតាមទីសាធារណៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារឥទ្ធិពលគ្រឿងស្រវឹង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ខ្លឹមសារលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សម្តេចធិបតីណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រូវពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។
ជាមួយគ្នានេះសម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
ការណែនាំរបស់នាយករដ្ឋមន្ត្រីនាពេលនេះ ក្រោយពីសង្កេតឃើញថាមួយរយៈចុងក្រោយនេះមានការលើកឡើងនូវប្រធានបទគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ក្រោមអ្នកមានជាតិអាកុល ហើយមហាជនចង់ឱ្យមានការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ សម្តេចធិបតីបានណែនាំឱ្យមានការពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹងដោយមិនត្រូវមានការយោគយល់ឡើយ៕