រដ្ឋមន្ត្រីក្រសួងការងារ ជួបជាមួយក្រុមហ៊ុនជប៉ុន២ ពិភាក្សាលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តស្តង់ដាជប៉ុននៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២ ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។
លោក ហេង សួរ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Nissan និង ក្រុមហ៊ុន Forval Corporation នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation បានបញ្ជាក់ជូនដល់រដ្ឋមន្ត្រីអំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀតដែលជាកម្រិតស្តង់ដារបស់ប្រទេសជប៉ុន។
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងការងារបានស្វាគមន៍ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរដែលបានមកសិក្សាពីគុណវុឌ្ឍ និងសក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត។
លោក ហេង សួរ ក៏បានស្វាគមន៍ និងគាំទ្រចំពោះបំណងនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជប៉ុនទាំងពីរនេះក្នុងការផ្តល់ជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុនពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការមួយនេះឱ្យបានជោគជ័យ៕