ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មកកម្ពុជា លើវិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។
ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក Devin Barta បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។
លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។
ទន្ទឹមនឹងនេះ លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល៕