ភ្នំពេញ៖ ខណៈប្រទេសជប៉ុនមានសកម្មភាពវិនិយោគស្រាប់នៅកម្ពុជា លើវិស័យវាយនភ័ណ្ឌ និងវិស័យកសិកម្ម សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជាបន្ថែមទៀតក្នុងទម្រង់ជា OEM (Original equipment manufacturer) លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាជាផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។
គម្រោងការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនេះ ត្រូវបានបញ្ជាក់ឱ្យដឹងនៅក្នុងខ្លឹមសារជំនួបរវាង ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yoshihisa Suzuki និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកប្រធានគណៈកម្មាធិការ បានបញ្ជាក់ប្រាប់សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។
លោក Yoshihisa Suzuki បន្តបញ្ជាក់អំពីសកម្មភាពវិនិយោគដែលមានស្រាប់នៅកម្ពុជា លើវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ននិងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើ ដំណាំល្ង និងពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា។
លោកក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។
លោកប្រធានគណៈកម្មាធិការ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរថា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។
សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់៕