អន្តរជាតិ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែមករានេះបានបន្តដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយការបន្ថែមទណ្ឌកម្មជាថ្មីទៀតនេះបានធ្វើឡើងនៅចំថ្ងៃខួបគំរប់ ៣ឆ្នាំនៃរដ្ឋប្រហារយោធា ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅលើក្រុមហ៊ុនចំនួនពីរ ព្រមទាំងបុគ្គលសំខាន់ៗមួយចំនួនដែលធ្លាប់បានអះអាងពីទំនាក់ទំនងយ៉ាងជិតស្និទរបស់ខ្លួនជាមួយរបបយោធាមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មបន្ថែមចុងក្រោយបង្អស់កាលពីថ្ងៃពុធម្សិលមិញនេះ ផ្តោតទៅលើប្រភពនៃការផ្គត់ផ្គង់ឥន្ធនៈដែលរបបយោធាប្រើប្រាស់ដើម្បីធ្វើការទម្លាក់គ្រាប់បែកពីលើអាកាសនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយកងកម្លាំងប្រឆាំងរដ្ឋប្រហារ ដែលជារឿយៗការវាយប្រហារនេះត្រូវបានគេមើលឃើញថាជាការកំណត់គោលដៅទៅលើជនស៊ីវិល ក៏ដូចជាទណ្ឌកម្មលើប្រភពឥន្ធនៈរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលប្រើប្រាស់លើសមត្ថភាពផលិតអាវុធ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមហ៊ុន Shwe Byain Phyu Group ក៏ដូចជាម្ចាស់ក្រុមហ៊ុននេះគឺលោក Thein Win Zaw និងភរិយា ព្រមទាំងកូនៗពេញវ័យរបស់លោកចំនួន ២នាក់។ រតនាគារអាមេរិកបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មនេះ គឺជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងសម្រាប់តម្រូវការរបស់កម្លាំងយោធា ព្រមទាំងបានចែករំលែកប្រាក់ចំណេញជាមួយក្រុមហ៊ុនយោធា Myanmar Economic Holdings Ltd ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុននេះតាំងពីឆ្នាំ២០២១ រួចទៅហើយ។
មិនត្រឹមប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏បានកំណត់គោលដៅក្រុមហ៊ុនដឹកជញ្ជូន Five Star Line ដែលគ្រប់គ្រងដោយក្រុមហ៊ុននៃរដ្ឋាភិបាលយោធា MEHL ដូចគ្នា ដែលអាមេរិកបានអះអាងថាជាក្រុមហ៊ុនដឹកជញ្ជូនវត្ថុធាតុដើមដែលជាតម្រូវការសម្រាប់ការផលិតអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរក៏បានបើកលទ្ធភាពទិញរូបិយប័ណ្ណបរទេស និងការនាំចូលប្រេង និងសម្ភារៈផ្សេងទៀតក្នុងនាមរដ្ឋាភិបាលយោធាបន្ថែមទៀតផង។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានជាប់គាំងក្នុងជម្លោះនយោបាយចាប់តាំងពីកើតមាននូវរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបិទបញ្ចប់នូវលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ាជាប់គាំងមិនធ្លាប់មានក្នុងមួយទស្សវត្សចុងក្រោយ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដែលមានគោលដៅបង្កកទ្រព្យសម្បត្តិសកម្មរបស់បុគ្គល និងក្រុមហ៊ុនធំៗជាច្រើន ចាប់តាំងពីការចូលកាន់អំណាចរបស់នាយឧត្តមសេនីយ៍ Min Aung Hlaing។
ផ្អែកតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រជាជនប្រហែល ២.៣លាននាក់បានផ្លាស់ទីលំនៅ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជិតខាងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានផ្តួចផ្តើមនូវការសន្ទនាមួយ តែជានិច្ចកាលកិច្ចសន្ទនាដែលបានស្នើត្រូវបានបដិសេធដោយរដ្ឋាភិបាលយោធាផ្ទាល់៕