សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រកឃើញក្រុមទាំង៨ ឡើងទៅកាន់វគ្គបន្តនៃបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គ១៦ក្រុមចុងក្រោយ រវាងក្រុមបាល់ទាត់ថ្នាក់ខេត្ត ក្លិបជាសមាជិកលីគទី២ និងក្លិបជាសមាជិកនៃលីគកំពូលកម្ពុជារយៈពេល ៤សប្តាហ៍កន្លងទៅ នៅពេលនេះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬហៅកាត់ថាពានរង្វាន់ ហ៊ុន សែន ខាប់ បានរកឃើញសមាសភាពក្លិបទាំង ៨ ដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយ នារដូវកាល ២០២៣/២៤ នេះហើយ ដែលសុទ្ធតែជាក្លិបសមាជិកនៃលីគកំពូលកម្ពុជា (Cambodian Premier League)។ 

ដំបូងបង្អស់គឺ ព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់់់ជើងឯក ៤សម័យដែលបានទម្លាក់ក្រុមមកពីវគ្គជម្រុះថ្នាក់ខេត្ត គឺក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ដោយព្រះខ័នរាជស្វាយរៀងជាក្រុមកំពូលតារាងលីគកំពូលកម្ពុជាបច្ចុប្បន្ន បានទម្លាក់ក្រុមថ្នាក់ខេត្តនេះក្នុងលទ្ធផលសរុបទាំងពីរជើង ១-១០ ពោលគឺជើងទីមួយនៅកីឡដ្ឋានខេត្តស្វាយរៀងបានយកឈ្នះ ៤-០ និងជើងទី២ នៅទីលានវិទ្យាល័យ ហ៊ុន​ សែន ខ្លាកូន ព្រះខ័នរាជស្វាយរៀងបន្តយកឈ្នះដោយលទ្ធផល ៦-១។ 

ម្ចាស់ជើងឯក ៣សម័យកាលជាប់គ្នាគឺក្លិបបាល់ទាត់វិសាខាក៏បានឡើងទៅកាន់វគ្គបន្តផងដែរ ក្រោយពីបំបាក់ម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តគឺក្លិបបាល់ទាត់ខេត្តកំពង់ចាម ក្នុងលទ្ធផលយ៉ាងចាស់ដៃសរុប ១៥-១ ពោលកាលពីជើងទី១ នៅឯទីលានវិទ្យាល័យព្រះសីហនុ វិសាខាឈ្នះកំពង់ចាម ៣-១ ខណៈជើងទី២នៅកីឡដ្ឋានព្រីនស៍របស់ខ្លួន វិសាខាបំបាក់ក្រុមភ្ញៀវយ៉ាងចាស់ដៃក្នុងលទ្ធផល ១២-០។ 

ក្រុមបន្តទៀតគឺម្ចាស់ជើងឯក ២សម័យកាលភ្នំពេញក្រោន បានឡើងទៅកាន់វគ្គបន្តជាមួយលទ្ធផលសរុបទាំងពីរជើង ១១-១ ទល់នឹងក្រុមជើងឯករងពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តគឺក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ។ ជើងទី១ នៅឯទីលានវិទ្យាល័យ ប៊៊ុន រ៉ានី ហ៊ុន សែន មេមត់ ភ្នំពេញក្រោន ឈ្នះស្រាលដៃប៉ុណ្ណោះក្នុងលទ្ធផល ២-១ ក៏ប៉ុន្តែនៅទឹកដី ស្មាត អ អេស អិន របស់ខ្លួន ភ្នំពេញក្រោន យកឈ្នះក្នុងលទ្ធផលធំធេង ៩-០។ 

ចុងក្រោយសម្រាប់ការប្រកួតជើងទីពីរកាលពីថ្ងៃទី២៤ ខែមករា ក្រុមសមាជិកលីគកំពូលថ្មី អាយអេសអាយ ដង្កោសែនជ័យ បានទម្លាក់ក្រុមសមាជិកលីគ២ អង្គរស៊ីធី អេហ្វស៊ី ដែលកំពុងដុនដាប ក្នុងលទ្ធផលធ្ងន់ធ្ងរ ១៦-០។ កាលពីជើងទី១ អាយអេសអាយ ដង្កោសែនជ័យ បំបាក់ អង្គរស៊ីធី អេហ្វស៊ី ៧-០ នៅឯកីឡដ្ឋានហនុមាន ខេត្តសៀមរាប ខណៈជើងទី២ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេច អាយអេសអាយ ដង្កោសែនជ័យ បន្តយកឈ្នះជាថ្មីក្នុងលទ្ធផល ៩-០។ 

សម្រាប់ការប្រកួតជើងទី២ ចំនួន ៤ប្រកួតទៀតកាលពីថ្ងៃពុធម្សិលមិញនេះ ខេត្តព្រៃវែង គឺជាក្រុមទី៥ ដែលឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ពោលក្រោយពីយកឈ្នះប្រផិតប្រផើយ ២-០ នៅឯកីឡដ្ឋានខេត្តព្រៃវែងរបស់ខ្លួន បន្ទាប់ពីជើងទី១ ចាញ់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១-០ នៅឯទីលានបណ្ឌិត្យសភានគរបាលកម្ពុជា។ 

ដោយឡែក ម្ចាស់ជើងឯកឆ្នាំ២០១៩ បឹងកេត បានទម្លាក់ក្រុមសៀមរាបអេហ្វស៊ី ដែលជាក្រុមមកពីលីគទី២ ក្នុងលទ្ធផលសរុប ៥-១ ដោយនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) បឹងកេតឈ្នះសៀមរាប ៤-០ ខណៈនៅឯកីឡដ្ឋានខេត្តសៀមរាប ក្រុមទាំងពីរស្មើគ្នា ១-១។ 

ជើងឯករង ៦សម័យកាល ណាហ្គាវើលដ៍ បានឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយជាថ្មីទៀត ក្រោយពីឈ្នះក្រុមសមាជិកលីគកំពូលដូចគ្នាគឺ អង្គរថាយហ្គើរ ក្នុងលទ្ធផលសរុបទាំងពីរជើង ៦-១ ដោយជើងទី១ នៅកីឡដ្ឋានហនុមាន ណាហ្គាវើលដ៍ឈ្នះ ៥-១ និងជើងទី២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ឈ្នះបន្ថែមក្នុងលទ្ធផល ១-០។ 

ចុងក្រោយបង្អស់គឺម្ចាស់ពានរង្វាន់ ហ៊ុន សែន ខាប់ ៣សម័យកាល កងយោធពលខេមរភូមិន្ទ ធ្លាក់ចេញពីពានរង្វាន់នេះត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងគិរីវង់សុខសែនជ័យ យ៉ាងតានតឹងដោយលទ្ធផលទាំងពីរជើងស្មើគ្នា ៤-៤ និងឈ្នះនៅវគ្គប៉េណាល់ទីកាត់សេចក្ដី ៤-២ ខណៈអ្នកចាំទីដៃថ្មី ឡាយ អៀងលី គឺជាកីឡាករលេចធ្លោក្នុងការប្រកួតនេះ។ 

សូមបញ្ជាក់ថា ចំពោះការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយរួមមាន ព្រះខ័នរាជស្វាយរៀង ជួបជាមួយ ណាហ្គាវើលដ៍, គីរីវង់សុខសែនជ័យ ជួបជាមួយ ភ្នំពេញក្រោន, ខេត្តព្រៃវែង ជួបជាមួយ វិសាខា និង អាយអេសអាយ ដង្កោសែនជ័យ ជួបជាមួយ បឹងកេត។ សម្រាប់កាលវិភាគប្រកួតគឺជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ខណៈជើងទី២ ធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក