ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមករានេះបានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧១៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាងលើអង្គហេតុនឹងអង្គច្បាប់ ហើយក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមលេខ ៩៣ «ថ» ក្រ៦ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លើសំណុំរឿងប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តដោយអតីតប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង និងបក្ខពួកសរុបចំនួន ៧នាក់។
តាមសេចក្ដីប្រកាសព័ត៌មានលេខ ០៩ សបព/២៤ បានឱ្យដឹងថា ក្រោយឆ្លងកាត់សវនាការជំនុំជម្រះដែលមានលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងផ្អែកតាមសាលក្រមលេខ ៩៣ «ថ» ក្រ៦ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន ៧នាក់ដាក់ពន្ធនាគារចន្លោះពី ៤ឆ្នាំ ទៅ ៦ឆ្នាំ។ ក្នុងនោះរួមមាន៖
១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ កំណត់រយៈពេល ៦ (ប្រាំមួយ) ឆ្នាំ។
២. ឈ្មោះ អោក រាំមិន ភេទប្រុស អាយុ ៣៧ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ ឆ្នាំ
៣. ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ ឆ្នាំ
៤. ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ ២៤ ឆ្នាំ ដាក់ពន្ធនាគាកំណត់រយៈពេល ៥ ឆ្នាំ
៥.ឈ្មោះ ជួន សុភ័ក្តត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ ដាក់ពន្ធនាគាកំណត់រយៈពេល ៥ ឆ្នាំ
៦.ឈ្មោះ ដុស សុជាតិ ភេទប្រុស អាយុ ២៦ ឆ្នាំ ដាក់ពន្ធនាគាកំណត់រយៈពេល ៥ ឆ្នាំ និង
៧. ឈ្មោះ គេច ម៉ាច ភេទប្រុស អាយុ ២៦ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៤ (បួន) ឆ្នាំ
ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៦១ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមផងដែរថា ករណីខាងលើនេះជាករណីទី២ ចំពោះពិរុទ្ធជនដូចមានឈ្មោះខាងលើ ដែលធ្លាប់ត្រូវបានផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩៥ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ តាមអំណាចសាលក្រមលេខ៥៧៤ «ថ» ក្រ៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានសម្រេចផ្តន្ទាទោសក្នុងម្នាក់ៗកំណត់រយៈពេលពី ៦ (ប្រាំមួយ) ឆ្នាំ ដល់ ៩ (ប្រាំបួន) ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំបុរីមូនថោន ផ្ទះលេខ V01 ផ្លូវឌួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង, ឈ្មោះ អោក រ៉ាម៉ន, ឈ្មោះ សុវណ្ណ រ៉ានុត,ឈ្មោះ នេត ផៃមុនី និងឈ្មោះ គេច ម៉ាច កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ចំពោះពិរុទ្ធជនឈ្មោះ ជួន សុភ័ក្តត្រា និងឈ្មោះ ដុស សុជាតិ ដែលកំពុងគេចខ្លួនត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្របតាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕