ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សាលាក្ដីខ្មែរក្រហមប្រើឡានក្រុងដើម្បីផ្សព្វផ្សាយពីដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហមដល់ប្រជាជននៅតំបន់ដាច់ស្រយាល

ភ្នំពេញ៖ ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) លោក ក្រាញ់ តូនី រំពឹងថា រថយន្តក្រុង អ.វ.ត.ក. ចល័តនេះនឹងបម្រើឱ្យការងារអប់រំនិងការងារផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន នៅក្នុងតំបន់ដែលមានភូមិសាស្ត្រដាច់ស្រយាល ដើម្បីយល់ច្បាស់ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តី សមិទ្ធផល និងកេរដំណែលរបស់អ.វ.ត.ក. ដែលបានចំណាយពេលអស់រយៈពេលជាង ១៦ឆ្នាំ។

លោក ក្រាញ់ តូនី លើកឡើងដូចនេះ ក្នុងឱកាសពិធីដាក់ឲ្យដំណើរការ រថយន្តក្រុងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ចល័ត ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោក ក្រាញ់ តូនី បានឱ្យដឹងថា ក្រោយពីបានបញ្ចប់ដំណើរការកាត់សេចក្តីដោយជោគជ័យកាលពីចុងឆ្នាំ២០២២ កន្លងមក អ.វ.ត.ក. ត្រូវបានផ្តល់អាណត្តិឱ្យអនុវត្តមុខងារសេសសល់របស់ខ្លួន សម្រាប់រយៈពេល ៣ឆ្នាំដំបូង ពីឆ្នាំ២០២៣ ដល់២០២៥ រួមមាន មុខងារគតិយុត្តិ និងមិនមែនគតិយុត្តិ ជាពិសេសស ការថែទាំ រក្សាទុកនិងគ្រប់គ្រងបណ្ណសារ រួមទាំងការធ្វើចំណាត់ថ្នាក់ឡើងវិញនៃឯកសារសំណុំរឿងទាំងអស់ និងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជន អំពីសមិទ្ធផលការងារសម្រេចបានរបស់អ.វ.ត.ក.។

លោកបានបញ្ជាក់ថា ការដាក់ឲ្យដំណើរការ រថយន្តក្រុងអ.វ.ត.ក.ចល័ត នៅថ្ងៃនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រីកវិសាលភាពរបស់មជ្ឈមណ្ឌលធនធានអ.វ.ត.ក. ដែលមានស្រាប់ និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយនិងអប់រំឲ្យបានទូលំទូលាយ ដើម្បីបម្រើដល់ប្រជាជនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ជាពិសេសយុវជន និងសិស្សានុសិស្ស។

លោកថ្លែងថា៖ «យើងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនៃការងារនេះ ដែលជាការពតមួយនៃប្រវត្តិសាស្រ្ត តាមរយៈសំណុំរឿងតុលាការ គឺមិនមានលម្អៀងទេ គឺមានលក្ខណៈវិជ្ជាជីវៈ និងអព្យាក្រឹត្យតែម្តង […] ការងារឡានក្រុងចល័តនេះ យើងសង្ឃឹមថាយើងនឹងដើរទៅទូទាំង២៥ខេត្តក្រុង ជាពិសេសចំណុចសំខាន់នោះគឺកន្លែងស្ថាប័នអប់រំ សាកលវិទ្យាល័យ មហាវិទ្យាល័យ នឹងតែម្តង»។

រថយន្តក្រុង អ.វ.ត.ក.ចល័ត ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដូចជាកុំព្យូទ័រយួរដៃទំនើប (laptop), បន្ទប់ប្រជុំ ដែលភ្ជាប់ជាមួយម៉ាស៊ីនបញ្ជាំងរូបភាព (LCD screen and projector) ទូរទស្សន៍អេក្រង់អន្តរកម្ម (interactive touch screen panel/TV) ដែលអាចគូសវាសដោយផ្ទាល់ងាយស្រួលសម្រាប់ធ្វើបទបង្ហាញ និងសម្រាប់ចាក់បញ្ជាំងវីដេអូឬក៏ភាពយន្ត (video/movie screening) និងសម្ភារៈអប់រំនិងមាតិកាពហុព័ត៌មានជាច្រើនទៀត ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលនឹងបម្រើឲ្យការសិក្សាស្រាវជ្រាវរបស់សាធារណជន សិស្ស និស្សិត។

ជាមួយគ្នានេះ រថយន្តក្រុងអ.វ.ត.ក. នឹងធ្វើដំណើរទូទាំងប្រទេសកម្ពុជានៃ២៥ខេត្តក្រុង ហើយនឹងឈប់នៅគ្រប់ទីតាំងសំខាន់ៗ ដូចជាសាលារៀន សកលវិទ្យាល័យ ទីប្រជុំជន វត្តអារាម ផ្សារ សាលាស្រុក។

គួរឱ្យដឹងដែរថា ក្រៅពី រថយន្តក្រុងចល័តនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលធនធាន» កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែល ទាក់ទងទៅនឹងដំណើរការជំនុំជម្រះក្តី និងបណ្ណសារ ដើម្បីអនុញ្ញាតសាធារណជន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អាចចូលមើល និងសិក្សាស្វែងយល់អំពីយន្តការគណនេយ្យភាព និងដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក