ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយថ្មីមួយដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង និងជំរុញការពង្រីកការវិនិយោគនៅខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីតាមដានត្រួតពិនិត្យ និងអនុវត្តទៅលើការងារការវិនិយោគអាគារជាប់គាំង និងជំរុញសន្ទុះនៃការវិនិយោគនៅខេត្តព្រះសីហនុ។
ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅខេត្តព្រះសីហនុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់នូវ «អត្ថប្រយោជន៍ពិសេស» ដោយមានការលើកលែងមួយចំនួនដូចជា ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំបន្ថែមទៀត។
ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង។ ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល។ ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់។
ជាពិសេសការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់ ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់ ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។ ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ និងការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។
បច្ចុប្បន្នសំណង់អាគារដែលបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់មានចំនួន៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ខណៈអាគារដែលបានសាងសង់រួចប៉ុន្តែពុំទាន់បានដំណើរការមានចំនួន១៧៦។ បញ្ហានេះកើតឡើងដោយសារតែជួបវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត។
ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់មានជាអាទិ៍ ការកសាងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ និងកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងខេត្ត ការគំាទ្រដល់វិស័យទេសចរណ៍ និងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តជាប់សមុទ្រមួយនេះ៕