ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រោយជួសជុល ៤ឆ្នាំ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានងើបឈរឡើងវិញ

សៀមរាប៖ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលជាស្ថាពរ ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមដែលចំណាយពេលអស់រយៈពេល ៤ឆ្នាំ។

អ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី លោកស្រី នេត ស៊ីមន បានបញ្ជាក់ឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។

ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។

បើតាមអាជ្ញាធរជាតិអប្សរា ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះនឹងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានជួសជុលឡើងវិញ ដោយសារតែមានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។ មូលហេតុដែលបណ្តាលឱ្យមានសភាពទ្រុឌទ្រោមនេះគឺព្រោះតែកត្តាអាយុកាលនៃសំណង់ ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿន និងចូលក្នុងគ្រឹះ ជាហេតុធ្វើឱ្យថ្មរបើកគ្រេចចេញពីគ្នា។ បញ្ហាមួយទៀត គឺសត្វកណ្តៀរ ក៏បានពាំដីចេញពីគ្រឹះ បណ្តាលឱ្យមានរន្ធប្រហោងខាងក្រោម ដែលនាំទឹកភ្លៀងហូរជ្រាបចូលតាមចន្លោះថ្មទៅក្នុងគ្រឹះ បណ្តាលឱ្យគ្រឹះខ្សោយមិនរឹងមាំ និងទ្រេតស្រុតតាមនោះដែរ។

បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទបន្ទាយក្តីតាមច្រកខាងលិចឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក