អន្តរជាតិ៖ ប្រទេសចិន និងសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមករានេះ បានបន្តកិច្ចពិភាក្សាឡើងវិញស្តីពីការទប់ស្កាត់ការផលិតធាតុផ្សំដើម្បីបង្កើតសារធាតុគីមី Fentanyl ខណៈដែលមហាអំណាចទាំងពីរស្វែងរកការកសាងបណ្តាញទំនាក់ទំនងឡើងវិញទៅលើប្រធានបទក្ដៅនេះ។ គួរឱ្យដឹងថា សារធាតុគីមី Fentanyl គឺជាប្រភេទថ្នាំអាភៀនសំយោគម្យ៉ាងដែលមានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីនច្រើនដង ដែលកំពុងមានការរីករាលដាលនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឱ្យអ្នកញៀននូវសារធាតុគីមីនេះស្លាប់ច្រើនជាង ១០០,០០០នាក់ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនស្ថិតនៅក្នុងភាពស្មុគស្មាញជាយូរមកហើយ ដោយផ្សារភ្ជាប់និងកត្ដាសំខាន់ៗជាច្រើនតាំងពីបញ្ហាសិទ្ធិមនុស្ស នយោបាយ និងបញ្ហាកោះតៃវ៉ាន់ជាដើម ខណៈកិច្ចចរចាមួយចំនួនរវាងប្រទេសទាំងពីរក៏បានជាប់គាំងផងដែរមកទល់នឹងបច្ចុប្បន្ន។ យ៉ាងណាក្ដី នៅក្នុងកិច្ចប្រជុំមួយកាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមព្រៀងគ្នាលើកិច្ចពិភាក្សាមួយចំនួនស្ដីពីក្រុមហ៊ុនដែលផលិតសារធាតុគីមីដែលជាវត្ថុធាតុសំខាន់សម្រាប់តម្រូវការផលិត Fentanyl ខណៈបានឯកភាពលើការកាត់បន្ថយការផ្តល់ហិរញ្ញប្បទានសម្រាប់ពាណិជ្ជកម្មនេះផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃអង្គារម្សិលមិញនេះ គណៈប្រតិភូទីក្រុងវ៉ាស៊ីនតោនដឹកនាំដោយទីប្រឹក្សារងសន្តិសុខមាតុភូមិ លោកស្រី Jen Daskal បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីបើកកិច្ចប្រជុំនៃក្រុមការងារកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ ក្នុងការមកដល់ទឹកដីចិន ក៏មានការអមដំណើរដោយមន្រ្តីសំខាន់ៗផ្សេងទៀតមកពីក្រសួងការបរទេស រតនាគារជាតិ នាយកដ្ឋានសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌អាមេរិកផងដែរ។ ក្រោយការទទួលបដិសណ្ឋារកិច្ចពីសមភាគីចិនដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក Wang Xiaohong លោកស្រី Daskal បានគូសបញ្ជាក់ថា "ថ្នាំញៀនប្រភេទសំយោគកំពុងសម្លាប់មនុស្សរាប់សិបពាន់នាក់"។
ក្នុងដំណើរពិភាក្សាការងារនេះ លោកស្រីថ្លែងថា៖ "ខ្ញុំរួមជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតជាតំណាងនៃរដ្ឋាភិបាលអាមេរិកក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលបង្កឡើងដោយគ្រឿងញៀនខុសច្បាប់។ ប្រធានាធិបតីអាមេរិកបានបញ្ជូនគណៈប្រតិភូដ៏សំខាន់បែបនេះ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃបញ្ហានេះចំពោះប្រជាជនអាមេរិកផ្ទាល់"។ ឆ្លើយតបនឹងការលើកឡើងខាងលើ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិននិយាយថា ភាគីទាំងពីរបានយល់ព្រមអនុវត្តតាមគោលការណ៍នៃស្មារតីគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈដែលយើងនឹងបន្តធ្វើការដើម្បីជាប្រយោជន៍នៃកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕