សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្តេចធិបតី៖ វិស័យកសិកម្មកម្ពុជានៅតែរក្សាបានភាពរឹងមាំ ទោះជួបវិបត្តិសកល

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វិស័យកសិកម្មកម្ពុជានៅតែបន្តរក្សាបាននូវភាពរឹងមាំ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងសេដ្ឋកិច្ច ទោះកំពុងជួបវិបត្តិសកល។

សម្តេចធិបតីលើកឡើងដូចនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដែលបានធ្វើឱ្យវិស័យកសិកម្មកម្ពុជានៅតែរក្សាបានភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀងបញ្ជៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយវិបត្តិអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីតម្លៃស្បៀងនៅក្នុងពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលជំងឺកូវីដ១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។

សម្តេចបានថ្លែងថា៖ «ពេលដែលពិភពលោកប្រឈមបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំងដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភចំពោះសន្តិសុខស្បៀងដែលញាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មនៅកម្ពុជានៅតែសម្រេចបាននូវកំណើនល្អ នៅក្នុងឆ្នាំ២០២៣នេះ»។

យោងតាមរបាយការណ៍បូកសរុបការងារកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ផលិតកម្មដំណាំកសិកម្មសរុបសម្រេចបានចំនួន ៣៦,៨១លានតោន កើនឡើងប្រមាណ ៦ភាគរយ ធៀបឆ្នាំ២០២២ ក្នុងនោះផលិតកម្មដំណាំស្រូវបានចំនួន ១២,៤៩លានតោន ផលិតកម្មដំណាំសាកវប្បកម្ម ចំនួន ៤,៩៦លានតោន និងផលិតកម្មដំណាំឧស្សាហកម្មចំនួន ១៨,៩៦លានតោន និងផលិតកម្មដំណាំកៅស៊ូចំនួន ០,៤លានតោន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មសរុបប្រមាណ ៨,៨២លានតោន ដែលមាន ទំហំជាទឹកប្រាក់ប្រមាណជាង ៤ ៧៩៨លានដុល្លារអាមេរិក។ កម្ពុជាមានអតិរបរិមាណផលស្រូវនៅសល់ក្រោយ ពីតម្រូវការស្បៀងប្រើប្រាស់ក្នុងស្រុកចំនួនជិត ៧លានតោន គិតជាងអង្ករមានចំនួន ៤,៥លានតោន កើន ១១,២ ភាគរយធៀបឆ្នាំ២០២២។

គួរឱ្យដឹងដែរថា ការងារបង្កបង្កើនផលក្នុងឆ្នាំ២០២៣ បានជួបនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យខូចខាតផលដំណាំរបស់ប្រជាកសិករតាមបណ្តារាជធានី ខេត្ត ចំនួន១៦។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវចំនួន ២ ២៥៥,៣តោន តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាជនរងគ្រោះចំនួន ២៣ ០១៩គ្រួសារ ពូជបន្លែ និងដំណាំរួមផ្សំចំនួន ៣០,៥តោន ចែកជូនប្រជាជនចំនួន ៩៨ ៤៥២គ្រួសារ ដើម្បីអន្តរាគមន៍ស្តារឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក