ភ្នំពេញ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៤ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត ១៥ភាគរយ ដោយសារការដុតធូប បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មប្រក់សង្ក័សី ទំហំ (៤ម៉ែត្រ គុណ ៦ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតផ្ទះជាន់ទី៣ ទំហំ (៤ម៉ែត្រ គុណ ៦ម៉ែត្រ) ចំនួន ១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ១៣ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះ ២ខ្នងទៀត ខូចខាត ១៥%។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានអ្នកណារងរបួសនោះឡើយ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីការដុតធូបបង្កជាអគ្គិភ័យ។
ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់ឡានទឹកសរុបជាង ១០០គ្រឿង ហើយគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល៕