គណៈកម្មាធិការបោះឆ្នោតរុស្សីទទួលស្គាល់ពាក្យសុំឈរឈ្មោះបេក្ខភាពប្រធានាធិបតីរបស់លោក វ្ល៉ាឌីមៀរ ពូទីន
រុស្សី៖ គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរបស់រុស្សីបានប្រកាសទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ជាបេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅខែមីនាខាងមុខ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិសុទ្ធតែបានប៉ាន់ស្មានដឹងរួចទៅហើយថា លោកនឹងឈ្នះការបោះឆ្នោតនេះ។
គួរបញ្ជាក់ថា មេដឹកនាំវ័យ ៧១ឆ្នាំរូបនេះបានដឹកនាំរុស្សីតាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយបានឈ្នះការបោះឆ្នោតចំនួន ៤អាណត្តិ ព្រមទាំងបានកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងប្រព័ន្ធនយោបាយមួយដែលសឹងតែគ្មានសំឡេងប្រឆាំងសោះតែម្តងនៅក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ។
គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សីបានបញ្ជាក់់ថាបានទទួលស្គាល់ពាក្យសុំឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់លោក ពូទីន រួចហើយ ដោយបេក្ខភាពមួយរូបទៀតត្រូវបានគេដឹងថាជាលោក Leonid Slutsky ដែលជាមនុស្សមានស្វាមីភក្ដិខ្លាំងជាមួយលោកពូទីនផងដែរ។ គួរឱ្យដឹងថា សម្រាប់កាលបរិច្ឆេទនៃការបោះឆ្នោតគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាខាងមុខនេះ ដែលការបោះឆ្នោតរយៈពេល ៣ថ្ងៃនេះ ធ្វើឱ្យក្រុមអ្នកឃ្លាំមើលបានរិះគន់យ៉ាងខ្លាំងថាលទ្ធផលនៃការបោះឆ្នោតនឹងមិនប្រកបដោយតម្លាភាពឡើយ។
គួររំឮកថា ក្រោយពីឆ្លងកាត់ការនីតិវិធីនៃការកែទម្រង់ធម្មនុញ្ញដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០២០ កន្លងទៅ ដែលគ្រប់គ្រាន់ល្មមក្នុងការបើកសិទ្ធិឱ្យលោក វ្ល៉ាឌីមៀរ ពូទីន អាចកាន់តំណែងជាប្រធានាធិបតីរុស្សីដល់ឆ្នាំ២០៣៦ ប្រសិនបើលោកជាប់ឆ្នោត។ ក្រុមសិទ្ធិមនុស្សបញ្ជាក់ថា ការបោះឆ្នោតកន្លងមកត្រូវបានរំខានដោយភាពមិនប្រក្រតីជាច្រើន ហើយបន្ថែមថាអ្នកសង្កេតការណ៍ឯករាជ្យទំនងជាត្រូវបានរារាំងមិនឱ្យតាមដានការបោះឆ្នោតលើកនេះឡើយ។
បើទោះជាបច្ចុប្បន្នគេមើលឃើញថា លោក Putin ទំនងជាមិនមានដៃគូប្រជែងស្វិតស្វាញណាមួយក្នុងការបោះឆ្នោតខាងមុខនេះក៏ដោយ ប៉៉ុន្តែចុងក្រោយបង្អស់គូប្រជែងសេរីនិយម Boris Nadezhdin ទើបតែបានឆ្លងផុតដំណាក់កាលនៃការប្រមូលហត្ថលេខាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះលោកនៅមិនទាន់អាចបញ្ជាក់ថាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់រួចឬនៅឡើយសម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីផ្លូវការ ខណៈវិមានក្រឹមឡាំងថ្លែងថាលោក Nadezhdin ពុំមែនជាបេក្ខភាពប្រជែងដ៏គួរឱ្យបារម្ភរបស់លោក Putin ឡើយ៕