ភ្នំពេញ៖ គ្រួសារជនរងគ្រោះដែលបានចោទប្រកាន់ថាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតទុកអ្នកជំងឺដាច់សរសៃឈាមខួរក្បាលច្រើនម៉ោងបណ្តាលឱ្យស្លាប់ មិនអាចទទួលយកបានឡើយចំពោះការបកស្រាយបំភ្លឺរបស់មន្ទីរពេទ្យកាលពី២៩ ខែមករា ឆ្នាំ២០២៤។
ក្រុមគ្រួសារអ្នកស្លាប់ដែលមានគណនីហ្វេសបុកឈ្មោះ SreyPich Thou បានសរសេរថា កាលពីម៉ោង ២ទាបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារបានបញ្ជូនអ្នកជំងឺដែលជាឪពុក មកដល់មន្ទីរពេទ្យភ្លាម មិនមានពេទ្យមកសង្គ្រោះបឋមត្រឹមត្រូវ ហើយពេទ្យបានបញ្ជាឱ្យបង់លុយជាមុន ប៉ុន្តែក្រោយពីបង់លុយរួចត្រូវរង់ចាំរយៈពេលយូរទៀតទើបអាចបញ្ជូនទៅកន្លែងថតស្កែនរកប្រភពជំងឺច្បាស់លាស់។ ដោយលទ្ធផលបញ្ជាក់ថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាលដែលពេទ្យថាមិនអាចជួយសង្រ្គោះបានទៀតទេ។
ក្រោយពីដឹងលទ្ធផលរបស់អ្នកជំងឺ គ្រួសារបានសម្រេចចិត្តបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម ដោយជ្រើសរើសការដឹកជញ្ជូនពីរថយន្តសង្រ្គោះបន្ទាន់ខាងក្រៅ ដោយថារថយន្តរបស់មន្ទីរពេទ្យមានតម្លៃថ្លៃជាងគុណនឹង២ តែត្រូវបានខាងពេទ្យមិនអនុញ្ញាត។ ទម្រាំតែចរចាត្រូវ គឺនៅម៉ោង ៨ព្រឹក ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ។
SreyPich Thou បានសរសេរថា៖ «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!»។
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានច្រានចោលការលើកឡើង ដោយបានបំភ្លឺថាពេលដែលគ្រួសារបានបញ្ជូនអ្នកជំងឺមកដល់មន្ទីរពេទ្យនៅយប់ម៉ោង ២អាធ្រាត្រថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អ្នកជំងឺមានសភាពធ្ងន់ធ្ងរទៅហើយ ដោយឆ្លងតាមការពិនិត្យតាមលក្ខណៈបច្ចេកទេស អ្នកជំងឺបានដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាមន្ទីរពេទ្យមិនបានបញ្ចាក់រឿងតម្រូវឲ្យបង់លុយ និងរារាំងឡានពេទ្យឯកជនមិនឲ្យដឹកជនរងគ្រោះចេញនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ មហាជនបានបង្ហាញ់អារម្មណ៍ឈឺចាប់មិនអាចទទួលយកបានចំពោះការបកស្រាយរបស់មន្ទីរពេទ្យ ដោយថាការបកស្រាយនេះមិនបានផ្តល់យុត្តិធម៌ដល់គ្រួសារនៃសពនោះទេ៕