ទីភ្នាក់ងារអង្គការសហប្រជាជាតិហាក់អស់សង្ឃឹមជាខ្លាំងក្រោយប្រទេសធំៗផ្អាកការផ្តល់ជំនួយជាបន្តបន្ទាប់
អន្តរជាតិ៖ ប្រទេសជាច្រើនបានបន្តផ្អាកការផ្តល់ជំនួយមូលនិធិដល់ទីភ្នាក់ងារដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា (UNRWA) ក្រោយពីផ្ទុះឡើងនូវការចោទប្រកាន់ពីសំណាក់អ៊ីស្រាអែល និងប្រភពផ្សេងៗទៀតថា បុគ្គលិកមួយចំនួននៃទីភ្នាក់ងារផ្តល់ជំនួយនេះមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារដោយក្រុមប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
ប្រទេសចុងក្រោយបង្អស់ដែលបានផ្អាកការផ្តល់ជំនួយរបស់ខ្លួនរួមមានជប៉ុន និងអូទ្រីស បន្ថែមពីលើប្រទេសធំៗជាច្រើនរួមមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលីជាដើម ដែលបានផ្អាកការផ្គត់ផ្គង់ថវិការបស់ខ្លួនទៅកាន់មូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) រួចទៅហើយ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិខាងលើបានថ្លែងប្រាប់សារព័ត៌មាននានាថា អង្គភាពរបស់ខ្លួនបានចាត់វិធានការរួចទៅហើយ ក្នុងការបណ្តេញបុគ្គលិកដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ប៉ុន្តែខ្លួនពិតជាមានការខកចិត្តជាខ្លាំង ក្រោយពីបណ្ដាប្រទេសម្ចាស់ជំនួយធំៗនៅតែបន្តដកមូលនិធិរបស់ខ្លួនជាបន្តបន្ទាប់។ បើតាមរបាយការណ៍មួយរបស់កាសែត New York Time រាយការណ៍ថា ឯកសារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបានចោទប្រកាន់ទៅលើ UNRWA ថាមានបុគ្គលិកជាង ២០០នាក់ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ក៏ដូចជាក្រុមអ៊ីស្លាមជីហាត ហើយក្នុងនោះមានបុគ្គលិក ១២នាក់ក្នុងទីភ្នាក់ងារនេះបានឆ្លងចូល និងធ្វើសកម្មភាពវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក៏ប៉ុន្តែមិនបានផ្តល់ភស្តុតាងលម្អិតណាមួយជុំវិញការចោទប្រកាន់នេះឡើយ។
នៅថ្ងៃចន្ទម្សិលមិញនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានចេញមុខថ្លែងថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិខាងលើនេះ ពិតជាមានទំនាក់ទំនងជាមួយហេតុការណ៍ក្នុងប្រទេសរបស់លោកពិតមែន។ យ៉ាងណាមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បញ្ជាក់ថា លោកមានការតក់ស្លុតជាខ្លាំងចំពោះការចោទប្រកាន់ដែលកើតមានលើ UNRWA ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបានបន្តអំពាវនាវដល់ប្រទេសម្ចាស់ជំនួយឱ្យជួយ "ធានាការបន្តនិរន្តភាពនៃប្រតិបត្តិការរបស់ UNRWA"។
ការអំពាវនាវខាងលើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសពីការផ្អាកការផ្តល់ជំនួយដល់ UNRWA ដោយលើកឡើងថា ជប៉ុនពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះការចោទប្រកាន់ថាមានការចូលរួមរបស់សមាជិកបុគ្គលិក UNRWA ក្នុងការវាយប្រហារភេរវកម្មលើអ៊ីស្រាអែល។ គួរបញ្ជាក់ថា ជប៉ុនគឺជាអ្នកផ្តល់ជំនួយធំបំផុតលំដាប់ទី៦ ដោយផ្អែកតាមទិន្នន័យតួលេខឆ្នាំ២០២២ របស់ UNRWA៕