កសិកររងគ្រោះដោយភ្លើងឆេះស្រូវ នៅស្រុកគិរីវង់ ទទួលបានយុត្តិធម៌ និងជំនួយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
តាកែវ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម Tik Tok ពីករណីដុតស្រូវប្រជាកសិករនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដល់លោក យន ឡាច អាយុ ៥៩ឆ្នាំ ជាកសិកររងគ្រោះដោយការដុតស្រូវ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នកុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងបានផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
ជាមួយគ្នានេះ កសិកររងគ្រោះ លោក យន ឡាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ១០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ទទួលបានយុត្តិធម៌ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។
ទន្ទឹមនោះ លោកស្រី ម៉ែន នារីសោភ័គ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន ៣៨គ្រួសារ រស់នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយចាស់ជរាទាំងអស់ អគ្គលេខាធិការរងទី១ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ បរិភោគមានអនាម័យ មានអាហារូបត្ថម្ភត្រឹមត្រូវ កុំហូបប្រៃពេកផ្អែមពេកខ្លាញ់ពេក និងគ្រឿងស្រវឹង ដែលបង្កឱ្យមានជំងឺផ្សេងៗ និងត្រូវចូលរួមថែរក្សាការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អទាំងអស់គ្នា និងភពផែនដីទាំងមូល។
គួរឱ្យដឹងដែរថា គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ឬទឹកត្រី ១យួរ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕