ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ហាមមន្រ្តីមិនឱ្យទិញឈើចែកជូនប្រជាពលរដ្ឋពោលត្រូវបណ្តុះកូនឈើសម្រាប់ចែកជូនពលរដ្ឋវិញ។ លោកបានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» នាទីស្តីការក្រសួងបរិស្ថាន នៅសៀលទី២៩ ខែមករា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីបរិស្ថានបណ្តុះកូនឈើនេះដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយមិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់លើធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង។
លោករដ្ឋមន្ត្រីបន្តថា លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជាភាពគំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លកបៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំ ដើម្បីបង្កើននូវភាពបៃតងទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបន្ថែមថា ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេសកម្ពុជាឱ្យចាកឆ្ងាយភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ។
ក្រសួងបរិស្ថាននឹងបន្តការរៀបចំ និងកែលំអថ្នាលបណ្តុះកូនឈើ ដោយសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីបណ្តុះកូនឈើ(ឈើព្រៃនិងឈើហូបផ្លែ) ឱ្យបានយ៉ាងតិច១០ម៉ឺនដើម ក្នុង១ខេត្ត ក្នុង១ឆ្នាំ និងរៀបចំផែនការចែកជូនកូនឈើ ដាំតាមលក្ខណៈបច្ចេកទេស និងថែទាំឱ្យបានសមស្រប។
សកម្មភាពនេះ គឺជាការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន» ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ» ដើម្បីសម្រេចចក្ខុវិស័យ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕