
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ផ្ទះមួយខ្នង ដល់កុមារកំព្រា ២នាក់បងប្អូន និងចេញថ្លៃព្យាបាលទាំងស្រុងដល់បងប្រុសដែលមានជំងឺ
កំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចសាងសង់ផ្ទះមួយខ្នង ដល់កុមារកំព្រា ២នាក់បងប្អូន និងចេញថ្លៃព្យាបាលទាំងស្រុងដល់បងប្រុសដែលមានជំងឺមិនប្រក្រតីទ្វារធំពីកំណើត រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនយុវជនជាបង មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
កុមារកំព្រា ២នាក់បងប្អូន មានបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦។
លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ និងជាការគិតគូរវែងឆ្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលយកចិត្តទុកដាក់ទៅលើសុខភាព អនាម័យ មានបន្ទប់ទឹកត្រឹមត្រូវ និងគិតគូរពីសុវត្ថិភាពរបស់ក្មេងស្រី ដែលត្រូវសិក្សារៀនសូត្រ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។
អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងទៀតថា ចំពោះការគិតគូរពីជំងឺរបស់ ពឹម សំណាង វិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ធ្វើការរករោគវិនិច្ឆ័យ និងព្យាបាលឱ្យបានជាសះស្បើយ។
ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ លោកស្រីអគ្គលេខាធិការរងទី១ បាននាំយកប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីជីវភាពរស់នៅ ព្រមទាំងបានជម្រាបជូនពីការសាងសង់ផ្ទះថ្មី ១ខ្នង រួមទាំងការគិតគូរពីសុខភាព បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលើការព្យាបាលនេះផងដែរ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។
ជាកិច្ចឆ្លើយតប កុមារទាំង ២នាក់បងប្អូន រំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ លើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាង។
គួរឱ្យដឹងេដែរថា ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករសុខភាពចំនួន ២កញ្ចប់ផងដែរ៕