លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កូនប្រុសអតីតប្រធានាធិបតីហ្វីលីពីន ថ្លែងវាយប្រហារចំៗ និងស្នើឱ្យប្រធានាធិបតីថ្មីចុះចេញពីតំណែង

ហ្វីលីពីន៖ កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃអាទិត្យម្សិលមិញនេះ បានស្នើឱ្យប្រធានាធិបតីបច្ចុប្បន្នគឺលោក Ferdinand Marcos Jr ឱ្យចុះចេញពីតំណែង ដោយបានហៅប្រធានាធិបតីរូបនេះថាជាមនុស្សខ្ជិលច្រអូស និងជាមនុស្សដែលឃោរឃៅ គ្មានធម៌មេត្តា ខណៈដែលជម្លោះរវាងក្រុមគ្រួសារដែលមានអំណាចនយោបាយរៀងៗខ្លួននេះកំពុងតែកើនកំដៅឡើង។ 

គួរឱ្យដឹងថា លោក Marcos ធ្លាប់បានរួមដៃគ្នាជាមួយកូនស្រីរបស់លោក Duterte គឺលោកស្រី Sara Duterte រហូតទាល់តែលោកស្រីបានក្លាយជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែយ៉ាងណាមិញ ការប៉ះទង្គិចរវាងសម្ព័ន្ធភាពនៃក្រុមគ្រួសារទាំងពីរបានកើតមានឡើង នៅពេលដែលប្រធានាធិបតីកាន់អំណាចថ្មីរបស់ហ្វីលីពីនគឺលោក Marcos បានងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយកិច្ចការបរទេសដែលធ្លាប់បានដាក់ចេញ និងអនុវត្តដោយប្រធានាធិបតីមុនគឺលោក Rodrigo Duterte។

លោក Sebastian Duterte អភិបាលក្រុង Davao ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី៣របស់ហ្វីលីពីន បាននិយាយថា មានការកើតឡើងវិញនៃឧក្រិដ្ឋកម្ម ក្រោយមានការបន្ធូរបន្ថយវិធានការតឹងរ៉ឹងប្រឆាំងនឹងគ្រឿងញៀនដែលធ្លាប់បានដាក់ចេញដោយឪពុករបស់លោក។ នៅក្នុងវេទិកាថ្នាក់ដឹកនាំមួយ លោកក៏បានចោទប្រកាន់លោក Marcos ពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឱ្យជនជាតិអាមេរិកចូលមកកាន់ទឹកដីហ្វីលីពីន ក្នងគោលបំណងពង្រីកភាពងាយស្រួលដល់ការចូលមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក និងការងាកទៅមានទំនាក់ទំនងមួយចំនួនជាមួយកោះតៃវ៉ាន់។ គួរបញ្ជាក់ថា អំឡុងការកាន់តំណែងរបស់លោក Duterte ហាក់មានទំនោរងាកទៅរករដ្ឋាភិបាលចិន ជាជាងអាមេរិក។ 

មិនត្រឹមតែប៉ុណ្ណឹងទេ លោក Sebastian ក៏បានប្រឆាំងនឹងការសម្រេចចិត្តរបស់លោក Marcos ក្នុងការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញជាមួយពួកឧទ្ទាមកុម្មុយនិស្ត ដោយនិយាយថា លោក Marcos មិនបានដឹងអ្វីទាំងអស់អំពីការឈឺចាប់របស់ប្រជាជនដែលរស់នៅក្នុងតំបន់ធ្លាប់ជាកន្លែងឈរជើងរឹងមាំរបស់ពួកឧទ្ទាម។ លោក Sebastian ថ្លែងថា៖ "អ្នក (លោក Marcos) គឺជាមនុស្សខ្ជិលច្រអូស និងខ្វះក្ដីមេត្តា។ នោះហើយដែលជាមូលហេតុធ្វើឱ្យយើងមិនសប្បាយចិត្ត"

គួរឱ្យដឹងថា សំដីចំៗថ្លែងទៅកាន់ប្រធានាធិបតីហ្វីលីពីនរូបនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកកំពុងត្រៀមចាប់ផ្តើមនូវយុន្ធនាការមួយដែលមានឈ្មោះថា "Bagong Pilipinas" ឬមានន័យថា "ហ្វីលីពីនថ្មី" ដែលលោកបានសន្យាថាយុទ្ធនាការនេះនឹងផ្តោតលើការកែលម្អសេវាសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តោតលើតម្លាភាពនៃថវិកាជាតិ៕ 





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក