អាហ្វ្រិកខាងត្បូង៖ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូង នឹងចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃសុក្រចុងសប្តាហ៍នេះតែម្តង ដែលជាផ្នែកមួយនៃការរំពឹងទុករបស់អាជ្ញាធរសុខាភិបាល ដើម្បីបង្កើននូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍។
ប្រទេសអាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានតួលេខអ្នកឆ្លងកូវីដ-១៩ និងអ្នកស្លាប់ដោយសារមេរោគនេះខ្ពស់ជាងគេបំផុតក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែបើក្រឡេកមើលលើអត្រានៃការផ្តល់វ៉ាក់សាំងចំពោះប្រជាជនវិញ ប្រទេសនេះទើបតែអនុវត្តការផ្តល់វ៉ាក់សាំងបានប្រមាណ ៨ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនរបស់ខ្លួនជាង ៦០លាននាក់។
យុទ្ធនាការវ៉ាក់សាំងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មានភាពយឺតយ៉ាវ និងរាំងស្ទះជាបន្តបន្ទាប់កន្លងមក ដោយសារបញ្ហានៃការចរចាបរាជ័យជាមួយក្រុមហ៊ុនផលិត និងផ្គត់ផ្គង់វ៉ាក់សាំង ដោយកន្លងមកការផ្តល់ជូនវ៉ាក់សាំងបានធ្វើឡើងចំពោះតែក្រុមគ្រូពេទ្យជួរមុខ និងមនុស្សមានវ័យចំណាស់ងាយប្រឈមរងគ្រោះដោយសារកូវីដ-១៩ តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា អាជ្ញាធរមានផែនការក្នុងការផ្តល់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ ចាប់ពីយុទ្ធនាការចាប់ផ្តើមនៅថ្ងៃសុក្រនេះ រហូតដល់ដំណាច់ខែសីហា ខណៈរដ្ឋាភិបាលមានគម្រោងផ្តល់វ៉ាក់សាំងឱ្យមនុស្សយ៉ាងហោចណាស់ ៣៥លាននាក់ ទទួលបានដូសទី១ របស់ខ្លួននៅខែធ្នូនេះ។
គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានជ្រើសរើសប្រើប្រាស់វ៉ាក់សាំងពីរប្រភេទរបស់អាមេរិករួមមាន វ៉ាក់សាំង Pfizer និង Jonhson & Jonhson រួមទាំងវ៉ាក់សាំងមួយចំនួនដែលស្ថិតក្នុងយន្តការជំនួយ COVAX។ បើយោងតាមរបាយការណ៍បានបង្ហាញថា បច្ចុប្បន្នប្រទេសអាហ្វ្រិកខាងត្បូងមានតួលេខអ្នកឆ្លងកូវីដ-១៩ សរុបជាង ២,៦លាននាក់ ខណៈអ្នកស្លាប់មានចំនួន ៧៨,៦៩៤នាក់៕