បាត់ដំបង៖ ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង គោលដៅទាក់ទាញទេសចរណ៍ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ នេះបើយោងតាមនម្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ទំនប់វារីអគ្គិសនីពហុបំណងសេកសក បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនៈមណ្ឌល ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះមានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង។
ទំនប់វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រញូង លាតសន្ធឹង ដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងស្តុបទឹកនឹងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ទៅ ២៨៦លានម៉ែត្រគូបទឹក ដែលប្រមូលស្តុកទុកនឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៍ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។
បច្ចុប្បន្នទំនប់វារីអគ្គីសនីនេះ បានក្លាយជាទីតាំងសម្រាប់ទេសចរលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ និងនេសាទបានផងដែរ៕