
មានតែក្រសួងការងារមួយគត់មានសិទ្ធិជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ រដ្ឋមន្ត្រីការងារ លោក ហេង សួរ បានបញ្ជាក់ថា គ្មានក្រុមហ៊ុនណា ឬក្រុមណាមួយអាចជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េក្រៅពីក្រសួងការងារនោះទេ រួមទាំងពលករតាមរដូវកាលផងដែរ។
លោក ហេង សួរ បានឆ្លើយតបក្នុងខំមិនមួយកាលពីកន្លងទៅទាក់ទងនឹងការផ្សព្វផ្សាយពីក្រុមហ៊ុនមួយមានសិទ្ធិរើសពលករបញ្ជូនទៅប្រទេសកូរ៉េថា៖ «ការបញ្ជូនពលករទៅកូរ៉េ រួមទាំងពលករតាមរដូវកាល គឺជាការបញ្ជូនរវាងក្រសួងនិងក្រសួង ឬខេត្តនិងខេត្ត។ ការផ្សព្វផ្សាយនេះមិនត្រឹមត្រូវទេ។ សូមដកការផ្សាយជាបន្ទាន់»។
គួរឱ្យដឹងដែរថា ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារបានបញ្ជាក់បន្ថែមថា មានតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់សិទ្ធិក្នុងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េដោយស្របច្បាប់ រួមទាំងការជ្រើសរើស និងបញ្ជូនពលករតាមរដូវកាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំឱ្យសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ដែលមានទីតាំង នៅខេត្តសៀមរាប បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយទាក់ទងនឹងការជ្រើសរើសពលករតាមរដូវកាលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។
ក្នុងករណីរកឃើញសមាគម ឬសាលាបណ្តុះបណ្តាលណាអនុវត្តផ្ទុយពីខ្លឹមសារ សេចក្តីប្រកាសព័ត៌មាននេះ ដែលចាត់ទុកថាជាសកម្មភាពឆបោក និងអំពើជួញដូរមនុស្ស ក្រសួងនឹងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់៕