ហ្វាំងឡង់រៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យនេះ ស្របពេលភាពតានតឹងជាមួយរុស្សីកំពុងកើនឡើង
អន្តរជាតិ៖ ប្រជាពលរដ្ឋហ្វាំងឡង់បាននាំគ្នាធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ ខែមករានេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលជាការជ្រើសរើសថ្នាក់ដឹកនាំដ៏សំខាន់មួយជាជំហរស្របពេលដែលកំដៅរវាងហ្វាំងឡង់ និងរុស្សីក៏បានកើនឡើង ក្រោយពេលដែលផ្ទុះការឈ្លានពានទៅលើអ៊ុយក្រែនជិត ២ឆ្នាំកន្លងមក។
ខណៈពេលដែលអំណាចរបស់ប្រធានាធិបតីមានកម្រិត ប្រមុខរដ្ឋដែលដើរតួជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរបស់ហ្វាំងឡង់បានជួយដឹកនាំគោលនយោបាយការបរទេសដោយសហការជាមួយរដ្ឋាភិបាល ដែលមានន័យថាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអឺរ៉ុបនឹងក្លាយជាកង្វល់ចម្បងសម្រាប់អ្នកឈ្នះឆ្នោតជាប្រធានាធិបតីថ្មី។
អ្នកនយោបាយកំពូលពីររូបកំពុងត្រូវបានគេមើលឃើញថាកំពុងមានការនាំមុខទៅលើបេក្ខភាពលេចធ្លោសរុប ៩រូបផ្សេងទៀតដែលបេក្ខភាពលេចធ្លោទាំងពីររួមមានអតីតនាយករដ្ឋមន្ត្រីអភិរក្សនិយម លោក Alexander Stubb និងអតីតរដ្ឋមន្ត្រីការបរទេស Pekka Haavisto នៃគណបក្ស Green Party ដែលកំពុងឈរឈ្មោះដោយឯករាជ្យ។ នៅតាមកៀកកិតពីក្រោយបេក្ខភាពនាំមុខទាំងពីររូបខាងលើ លោក Jussi Halla-aho ដែលជាបេក្ខភាពស្ដាំនិយមនៃគណបក្សហ្វាំងឡង់ Green Party ក៏ត្រូវបានអ្នកជំនាញរំពឹងថានឹងអាចប្រជែងនៅជុំបន្តជាមួយបេក្ខភាពនាំំមុខទាំងពីរផងដែរ។
គួរបញ្ជាក់ថា មណ្ឌលបោះឆ្នោតចាប់ផ្តើមបើកនៅម៉ោង ៩ព្រឹក និងបិទវិញនៅម៉ោង ៨យប់ (ម៉ោងនៅហ្វាំងឡង់)។
សូមបញ្ជាក់ថា ថ្មីៗនេះទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូរបស់រុស្សី និងទីក្រុងហេស៊ីនគី (Helsinki) របស់ហ្វាំងឡង់កាន់តែយ៉ាប់យ៉ឺនឡើងបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ២០២២ ទៅលើអ៊ុយក្រែន ដែលជំរុញឱ្យប្រទេសហ្វាំងឡង់ទម្លាក់ចោលជំហរជាប្រទេសមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍កន្លងមកហើយ បានសម្រេចចិត្តចូលរួមជាមួយអង្គការណាតូជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៣។ គួរឱ្យដឹងផងដែរថា ប្រទេសហ្វាំងឡង់មានព្រំដែនរួមជាមួយរុស្សីប្រវែង ១,៣៤០គីឡូម៉ែត្រ ក៏ធ្លាប់បានឆ្លើយតប និងព្រមានពីវិធានការតបតយ៉ាងរហ័ស ក្រោយការសម្រេចចិត្តចូលជាសមាជិកអង្គការ NATO របស់ហ្វាំងឡង់៕