សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ឥណ្ឌាព្យាយាមងាកចេញពីការពឹងផ្អែកវិស័យការពារជាតិលើរុស្សី​ ដោយបែររកសហប្រតិបត្តិការជាមួយលោកខាងលិច

អន្តរជាតិ៖ ប្រភពមួយពីរដ្ឋាភិបាលឥណ្ឌាបានបង្ហើបថា ឥណ្ឌាកំពុងព្យាយាមបង្កើនគម្លាតគេចចេញពីដៃគូផ្គត់ផ្គង់សព្វាវុធដ៏ធំរបស់ខ្លួនគឺរុស្សី បន្ទាប់ពីលទ្ធភាពនៃការផ្គត់ផ្គង់តម្រូវការរបស់ឥណ្ឌាបានថមថយដោយផលរំខានដែលកើតមានពីសង្គ្រាមជាមួយអ៊ុយក្រែន ក៏ប៉ុន្តែការដកឃ្លានេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ក្នុងគោលបំណងជៀសវាងកុំឱ្យរដ្ឋាភិបាលរុស្សី បែរទៅរករដ្ឋាភិបាលក្រុងប៉េកាំង។ 

ឥណ្ឌាដែលជាប្រទេសនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោក បានកំពុងងាកទៅរកទីផ្សាររបស់ប្រទេសលោកខាងលិចវិញបន្តិចម្តងៗ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងសម្លឹងរកមើលការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ចិន ជាពិសេសគឺក្នុងគោលបំណងកែប្រែប្រពៃណីរបស់ប្រជាជាតិអាស៊ីខាងត្បូងដែលធ្លាប់តែផ្តេកផ្តួលពឹងពាក់ទៅលើរុស្សីផងនោះ។ 

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា រុស្សីគឺជាដៃគូផ្គត់ផ្គង់អាវុធប្រមាណជា ៦៥ភាគរយទៅលើតម្រូវការវិស័យការពារជាតិរបស់ឥណ្ឌា ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណជា ៦០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ ក៏ប៉ុន្តែបញ្ហាសង្គ្រាមរុស្សីជាមួយអ៊ុយក្រែនបានធ្វើឱ្យសមត្ថភាពក្នុងការផ្គត់ផ្គង់អាវុធឱ្យទៅទីផ្សារយក្សអាស៊ីបានថមថយ។ អ្នកជំនាញរុស្សីប្រចាំនៅមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ញូវដេលីថ្លែងថា "យើង (ឥណ្ឌា) ទំនងជានឹងមិនមានការចុះកិច្ចព្រមព្រៀងទ្រង់ទ្រាយធំណាមួយជាមួយរុស្សីឡើយ"។ ដែលចំណុចនេះវានឹងអាចក្លាយជាបន្ទាត់ក្រហមមួយសម្រាប់សហរដ្ឋអាមេរិក"។

ថ្មីៗនេះ រុស្សីក៏ទើបតែសន្យាលើការផ្គត់ផ្គង់នូវសព្វាវុធទំនើបៗចុងក្រោយមកកាន់ឥណ្ឌា ដែលតាមប្រភពពីមន្រ្តីរដ្ឋាភិបាលឥណ្ឌាឱ្យដឹងថាមានដូចជាឧទ្ធម្ភាគចក្រ Kamov ភ្ជាប់ជាមួយបច្ចេកវិទ្យាដ៏ទំនើបបំផុត និងយន្តហោះចម្បាំង Sukhoi និង MiG ព្រមជាមួយកិច្ចសន្យាផលិតសព្វាវុធថ្មីៗបន្ថែមជាមួយឥណ្ឌាផ្ទាល់តែម្តង។ យ៉ាងណាក្ដី ប្រភពដ៏ជិតស្និទដែលបានបង្ហើបព័ត៌មាននេះ ដែលរួមមានទាំងមន្រ្តីជាន់ខ្ពស់ដែលចូលនិវត្តន៍ផងនោះ សុំបញ្ចេញព័ត៌៌មានក្នុងលក្ខខណ្ឌអនាមិកទៅលើប្រធានបទដ៏រសើបមួយនេះ។ ដោយឡែក មន្រ្តីជាន់ខ្ពស់ការបរទេស និងការពារជាតិនៃប្រទេសទាំងពីរគឺឥណ្ឌា និងរុស្សីពុំមានការអត្ថាធិប្បាយណាមួយជុំវិញការលើកឡើងខាងលើឡើយ។

ក្រុមអ្នកជំនាញ និងក្រុមមន្ត្រីរដ្ឋាភិបាលថ្លែងថា រុស្សីបានជំរុញជាសាធារណៈឱ្យឥណ្ឌាបង្កើនទំនាក់ទំនងផ្នែកការពារជាតិ ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌា  លោក Narendra Modi បានបង្វែរការយកចិត្តទុកដាក់ទៅលើសមត្ថភាពផលិតអាវុធក្នុងស្រុក ដោយបំពាក់នូវបច្ចេកវិទ្យារបស់លោកខាងលិច។ កិច្ចខិតខំខាងលើកំពុងកើតមានឡើងក្នុងកម្មវិធី "Made In India" ក្នុងគោលដៅលើកទឹកចិត្តការផលិតក្នុងស្រុក អំឡុងពេលលោក​ Modi កំពុងព្យាយាមទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាខែឧសភាខាងមុខ ដែលលោកកំពុងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៣។ 

ឥណ្ឌាត្រូវបានគេរំពឹងថាគ្រោងនឹងចាយលុយប្រមាណជា ១០០ពាន់លានដុល្លារអាមេរិកលើការបញ្ជាទិញសព្វាវុធបម្រើឱ្យវិស័យការពារជាតិសម្រាប់រយៈពេលមួយទស្សវត្សខាងមុខ។ កាលពីឆ្នាំមុន ឥណ្ឌា និងសហរដ្ឋអាមេរិកទើបតែបានចុះកិច្ចព្រមព្រៀងរួមគ្នាមួយសម្រាប់ការផលិតម៉ាស៊ីននៅក្នុងប្រទេសឥណ្ឌា ដើម្បីផ្តល់ថាមពលដល់យន្តហោះចម្បាំងរបស់ខ្លួន ដែលជាសម្បទានដំបូងបង្អស់របស់សហរដ្ឋអាមេរិកទៅដល់ប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ខ្លួន។ អំឡុងពេលនោះភាគីទាំងពីរក៏បានថ្លែងពីគោលបំណងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារួមគ្នានាពេលអនាគត ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នារាប់ចាប់តាំងពីបច្ចេកវិទ្យាវាយប្រហារតាមផ្លូវអាកាស រហូតដល់គិញស៊ើបការណ៍សម្ងាត់ផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក