ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ម្ចាស់ស្ថានីយបូមទឹកចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ទឹកធ្វើស្រែក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កំពង់ធំ៖ ពិធីចុះកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹករវាង លោក ហង្ស សុគន្ធ ម្ចាស់ស្ថានីយបូមទឹក ប្រឡាយព្រះស្នែង និងប្រឡាយព្រះគន្លង ជាមួយតំណាងប្រជាពលរដ្ឋ ១២៥គ្រួសារ ដែលជាអ្នកទទួលការផ្គត់ផ្គង់ទឹកធ្វើស្រែ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហួត ហាក់។

លោក ហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹករវាង លោក ហង្ស សុគន្ធ អ្នកគ្រប់គ្រងស្ថានីយបូមទឹក ប្រឡាយព្រះស្នែង និង ប្រឡាយព្រះគន្លង ជាមួយតំណាងប្រជាពលរដ្ឋ ១២៥ គ្រួសារ ដែលជាអ្នកទទួលការផ្គត់ផ្គង់ទឹកធ្វើស្រែ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅសាលប្រជុំសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការសម្របសម្រួលករណីផ្គត់ផ្គង់ទឹកធ្វើស្រែ របស់អ្នកគ្រប់គ្រង់ស្ថានីយបូមទឹកប្រឡាយព្រះស្ដែង និងប្រឡាយព្រះគន្លង ដែលមានទីតាំង ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាមួយតំណាងប្រជាពលរដ្ឋ ចំនួន១២៥គ្រួសារ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ដោយទទួលពាក្យស្នើសុំអន្តរាគមន៍របស់ លោក ហង់ សុគន្ធ តំណាងឱ្យលោក សុខ មុន្នី និងលោកស្រី ប៉េង ចន្ទី ករណីពួកគាត់អស់សិទ្ធិគ្រប់គ្រងអាស្រ័យផល លើស្ថានីយបូមទឹកប្រឡាយព្រះស្នែង និងប្រឡាយព្រះគន្លង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខណៈលោក ហង់ សុគន្ធ បានអះអាងពីភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ធំ លើករណីទិញផ្តាច់ស្ថានីយ បូមទឹកឯកជនចំនួន១៩ស្ថានីយនៅទូទាំងខេត្តកំពង់ធំ។

ក្រោយពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងអធិការកិច្ច ដើម្បីធ្វើការអង្កេត ស្រាវជ្រាវនិងពិនិត្យដល់ទីតាំងជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ដើម្បីដោះស្រាយបញ្ហាធំនៅចំពោះមុខ និងសង្គ្រោះផលស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រដ្ឋមន្ត្រីអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករឱ្យបានទាន់ពេលវេលា។

បន្ទាប់មក រដ្ឋមន្ត្រីអធិការកិច្ច លោក ហួត ហាក់ បានចាត់គណៈប្រតិភូរបស់ក្រសួងចុះជួបជាមួយលោក ហង់ សុគន្ធ អ្នកគ្រប់គ្រងស្ថានីយបូមទឹកប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង និងតំណាងប្រជាពលរដ្ឋ ចំនួន ១២៥ គ្រួសារ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយឱ្យអ្នកគ្រប់គ្រងស្ថានីយបូមទឹក ផ្គត់ផ្គង់ទឹកជូន កសិករឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ចៀសវាងការខូចខាតស្រូវរបស់ប្រជាកសិករ។

ក្រោមការសម្របសម្រួលរបស់ក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ភាគីលោក ហង់ សុគន្ធ និងតំណាងប្រជាពលរដ្ឋចំនួន១២៥ គ្រួសារ បានឈានដល់ការស្រុះស្រួលគ្នាដោយឈរលើគោលការណ៏ស្ម័គ្រចិត្ត និងផលប្រយោជន៍រួម រហូតដល់ចុះ កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹកធ្វើស្រែ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករសម្រាប់ធ្វើស្រែលើផ្ទៃដីទំហំ ២២០០ ហិកតា ដោយលោក ហង់ សុគន្ធ ត្រូវបំពេញកាតព្វកិច្ចនានា ដូចមានចែងក្នុងកិច្ចព្រមព្រៀងដែលបាន ចុះនៅថ្ងៃនេះ ក្នុងរយៈពេលមួយរដូវស្រូវប្រាំងប្រដេញទឹក ក្នុងឆ្នាំ២០២៤ ដើម្បីសង្គ្រោះផលស្រូវរបស់ប្រជា កសិករ ឱ្យបានទាន់ពេលវេលា។ ដោយឡែក ចំពោះដីដែលបានកាប់ទន្ទ្រានស្ថិតក្នុងតំបន់៣ មិនត្រូវបានផ្គត់ផ្គង់ ទឹកជូនទេ ព្រោះជាដីទន្ទ្រានខុសច្បាប់។

ទន្ទឹមនោះ តំណាងប្រជាពលរដ្ឋចំនួន១២៥ គ្រួសារ និងភាគីលោក ហង់ សុគន្ធ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួលជូនគូភាគីរហូតបានទទួល ដំណោះស្រាយបណ្ដោះអាសន្នដ៏សមស្របនឹងទាន់ពេលវេលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក