ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើឡាវពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ាដោយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានស្នើឱ្យភាគីឡាវពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដោយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាពក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

លោក លី ធុជ បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ ឯកអគ្គរដ្ឋទូត និងតំណាងអចិន្រ្តៃយ៍ប្រទេសឡាវប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា លោក Latsamy Keomany នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបប្រជុំនេះ លោក លី ធុជ បានកោតសរសើរចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម និងកោតសរសើរដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់សកម្មភាពបោសគ្រាប់បែកចង្កោមរបស់ឡាវ។

លោកបានជម្រាបជូនដល់ភាគីឡាវផងដែរថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ។

ជាការឆ្លើយតប លោក Latsamy Keomany បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ 

លោក Latsamy Keomany បានមានប្រសាសន៍ថា ឡាវនឹងពិចារណាលើសំណើរបស់កម្ពុជាដែលចង់ឱ្យឡាវចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ លោកបន្តថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាន និងសកម្មភាពនានារបស់អនុសញ្ញា ហើយឡាវក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក