វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជាដាក់ចេញនូវវិធានជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា តាមរយៈការទូត កិច្ចប្រជុំ និងវេទិកាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ស្វីស៖ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោក លី ធុជ លើកឡើងថា កម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានដាក់ចេញនូវវិធានមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា តាមរយៈការទូត កិច្ចប្រជុំ និងវេទិកានានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

លោក លី ធុជ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដើម្បីពិភាក្សាអំពីបញ្ហាស្នូលនៃអាណត្តិប្រធានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ។

កិច្ចប្រជុំនេះ លោក លី ធុជ បានលើកឡើងថា ក្នុងខណៈប្រទេសកម្ពុជាជាប្រធាននៃអនុសញ្ញាឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា រួមមានការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគីតាមរយៈការទូតកម្ពុជា ការប្រើប្រាស់វេទិកា UN-ESCAP ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិក ជាដើម។

លោក បានឱ្យដឹងទៀតថា កម្ពុជាបានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

តំណាងប្រទេស និងអង្គការសំខាន់ៗ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពសកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមផ្តល់សច្ចាប័ន/យល់ព្រមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម ត្រូវបានគេជឿជាក់ និងលើកឡើងថា អាចនឹងធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម។

គួរឱ្យដឹងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសកម្ពុជា បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ន័រវេស ថៃ ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC។ ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំ បានដាក់ចេញ និងកំណត់គោលដៅប្រទេសទមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក