លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មន្រ្តីសុខាភិបាលហ្គាហ្សាអះអាងថា មនុស្ស២០នាក់ស្លាប់ និងជាង១៥០នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល

អន្តរជាតិ៖ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើហ្គាហ្សាសាជាថ្មីម្តងទៀតកាលពីថ្ងៃទី២៥ ខែមករាម្សិលមិញនេះ បានបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ២០នាក់ស្លាប់ និងជាង ១៥០នាក់រងរបួស ខណៈប្រជាពលរដ្ឋកំពុងឈរតម្រង់ជួររង់ចាំការចែកជំនួយស្បៀងអាហារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលតំបន់ហ្គហ្សាដែលគ្រប់គ្រងដោយក្រុមប្រយុទ្ធហាម៉ាស ខណៈដែលសកម្មភាពនេះត្រូវបានប្រជាជនប៉ាឡេស្ទីនហៅថាជា "ឧក្រិដ្ឋកម្មសង្គ្រាម"។ 

ចំពោះសកម្មភាពនៃការវាយប្រហារនេះ មិនទាន់មានការឆ្លើយតបពីអ៊ីស្រាអែលផ្ទាល់ឡើយ គ្រាន់តែបាននិយាយថាខ្លួនកំពុងពិនិត្យមើលរបាយការណ៍អំពីសកម្មភាពរបស់ខ្លួននៅក្នុងហេតុការណ៍នេះ។ គណៈកម្មាធិការតាមដានកងកម្លាំងជាតិឥស្លាម ដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅទៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយសង្គ្រោះ។ ក្រុមនេះក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងអំពើ "ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍"។

ប្រជាជនក្នុងតំបន់និយាយថា នៅភាគខាងត្បូងតំបន់ហ្គាហ្សាត្រូវបានក្រុមរថក្រោះអ៊ីស្រាអែលវាយលុកទៅលើតំបន់ជុំវិញមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង Khan Younis ដោយបង្ខំឱ្យមនុស្សផ្លាស់ទីលំនៅចូលទៅកាន់ទីតាំងផ្សេងដែលកំពុងមានសកម្មភាពប្រយុទ្ធដូចគ្នា ក្នុងគោលបំណងស្វែងរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅភាគខាងជើងតំបន់ហ្គាហ្សា មន្ត្រីអង្គការសុខភាពពិភពលោកបញ្ជាក់ថា ស្ថានភាពម្ហូបអាហាររបស់ប្រជាជននៅទីនោះគឺពិតជាគួរឱ្យសង្វេក ហើយក្រុមការងារផ្នែកមនុស្សធម៌ក៏បញ្ជាក់ថា នៅទីនោះប្រជាជនដែលកំពុងស្រេកឃ្លាន និងអស់សង្ឃឹមកំពុងរង់ចាំការនាំយកជំនួយដ៏កម្រទៅកាន់ទីនោះ។ 

បច្ចុប្បន្ននេះ ប្រជាជននៃតំបន់ហ្គាហ្សាប្រមាណជា ២,៣លាននាក់ កំពុងបង្ខំចិត្តសម្រុកចូលទៅកាន់ទីក្រុង Khan Younis ក្រោយពីត្រូវបានអំពាវនាវឱ្យជម្លៀសដោយបង្ខំចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលកាលពីដើមខែតុលាកន្លងមក។ មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥០នាក់បានស្លាប់គិតត្រឹម ២៤ម៉ោងចុងក្រោយនៅក្នុងទីក្រុង Khan Younis ជាកន្លែងដែលអ៊ីស្រាអែលបានផ្លាស់ប្តូរប្រតិបត្តិការយោធាពេញលេញមកកាន់ទីនេះ ក្រោយពីចាប់ផ្តើមដកកងកម្លាំងចេញពីតំបន់ភាគខាងជើងដែលអះអាងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីតាំងនោះស្ទើរទាំងស្រុងទៅហើយ។ 

បើតាមព័ត៌មានចុងក្រោយបង្អស់របស់ខ្លួន យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងនៅក្នុង Khan Younis កំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅសង្កាត់ក្បែរៗនោះ ហើយកំពុងបើកការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ប្រហារលើគោលដៅជាក់លាក់របស់ក្រុមហាម៉ាស។ កន្លងមកអ៊ីស្រាអែលតែងតែអះអាងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានប្រើប្រាស់អគារមន្ទីរពេទ្យជាកន្លែងសម្រាប់ការពារមូលដ្ឋានទ័ពរបស់ខ្លួន ខណៈក្រុមសកម្មប្រយុទ្ធនេះ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យតែងតែអះអាងបដិសេធលើការចោទប្រកាន់នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក