ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៣៩នាក់បានស្លាប់នៅរសៀលថ្ងៃពុធម្សិលមិញនេះ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះហាងលក់ទំនិញមួយកន្លែងស្ថិតនៅក្នុងខេត្ត ជាំងស៊ី (Jiangxi) ភាគកណ្ដាលប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅរសៀលថ្ងៃទី២៤ ខែមករា អគ្គិភ័យបានឆាបឆេះនៅជាន់ក្រោមដីរបស់ហាងទំនិញមួយកន្លែង ស្ថិតនៅទីក្រុង Xinyu ខេត្ត Jiangxi។
រហូតដល់យប់ថ្ងៃពុធម្សិលមិញនេះ ទូរទស្សន៍រដ្ឋ CCTV បានបន្តរាយការណ៍ថា អគ្គិភ័យបានឆក់យកជីវិតមនុស្ស ៣៩នាក់ និងរងរបួស ៩នាក់ និងមនុស្សរាប់សិននាក់បានជាប់គាំងក្នុងអគារ ខណៈមូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមាន "ការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់" កុំឱ្យកើតមានហេតុការឧបទ្ទវហេតុធ្ងន់ធ្ងរបែបនេះសាជាថ្មីម្តងទៀត។ CCTV បានរាយការណ៍៍ថា លោកប្រធានាធិបតីបានដាក់ចេញនូវគោលការណ៍ប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះការកើតឡើងញឹកញាប់នៃគ្រោះថ្នាក់សុវត្ថិភាពផ្សេងៗ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងស្ថិរភាពសង្គមទាំងមូល។
ដោយឡែក សារព័ត៌មាន The Global Time បានរាយការណ៍ផងដែរថា ប្រតិបត្តិការបញ្ជាឱ្យមានការសង្គ្រោះបន្ទាន់មួយបានធ្វើឡើងភ្លាមៗដោយមន្រ្តីក្នុងតំបន់ ក្រោយកើតមាននូវហេតុការណ៍អគ្គិភ័យនេះ។ សេចក្ដីរាយការណ៍ដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះការងាររុករក និងជួយសង្គ្រោះនៅនឹងកន្លែងកំពុងបន្ត ហើយមូលហេតុនៃគ្រោះថ្នាក់ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។ គួរឱ្យដឹងថា ហេតុការណ៍អគ្គិភ័យបានកើតមានឡើងជាញឹកញាប់ ដែលត្រូវបានប្រជាពលរដ្ឋដាក់បន្ទុកទៅលើស្តង់ដារសុវត្ថិភាពយ៉ាងធូររលុង និងការអនុវត្តបទបញ្ញត្តិស្ដីពីលក្ខខណ្ឌអនុវត្តមិនត្រឹមត្រូវតាមច្បាប់។
គួររំឮកថា ហេតុការណ៍អគ្គិភ័យដ៏រន្ធត់នេះបានកើតឡើងក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះឆេះមួយនៅអគារស្នាក់នៅក្នុងសាលារៀនមួយកន្លែង ស្ថិតនៅភាគកណ្ដាលនៃខេត្តហឺណាន (Henan) ដែលបណ្តាលឱ្យកុមារចំនួន ១៣នាក់បានស្លាប់។ កាលពីខែវិច្ឆិកា ក៏មានហេតុការណ៍អគ្គិភ័យមួយបណ្ដាលឱ្យមនុស្ស ២៦នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារអគ្គិភ័យនៅឯរោងចក្រធ្យូងថ្មមួយកន្លែងស្ថិតនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន៕