អន្តរជាតិ៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក វិកទ័រ អរបាន (Viktor Orban) បានប្រាប់ទៅកាន់អគ្គលេខាធិការ NATO លោក ចេន ស្តូលតេនបឺគ (Jens Stoltenberg) តាមរយៈការសន្ទនាតាមខ្សែទូរសព្ទថា រដ្ឋាភិបាលហុងគ្រីគាំទ្រដល់សមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងការចូលទៅកាន់សម្ព័ន្ធភាពយោធាណាតូ។ នេះបើតាមការអះអាងរបស់លោក Orban នៅលើបណ្ដាញសង្គម X នៅថ្ងៃទី២៤ ខែមករានេះ។
លោក Orban បានសរសេរនៅក្នុងសារដែលបង្ហោះនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ "ខ្ញុំបានបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលហុងគ្រីគាំទ្រពេញទំហឹងដល់ការចូលជាសមាជិកអង្គការណាតូរបស់ #ស៊ុយអែត»"។ លោក Orban បន្ថែមថា លោកក៏បានបញ្ជាក់ប្រាប់ទៅកាន់លោក Stoltenberg ថា លោកនឹងបន្តជំរុញឱ្យសភាជាតិហុងគ្រីបោះឆ្នោតគាំទ្រការចូលជាសមាជិក NATO របស់ប្រទេសស៊ុយអែត និងបញ្ចប់ការផ្តល់សច្ចាប័ននៅឱកាសដំបូងដែលអាចធ្វើទៅបាន។
ដោយឡែក លោក Stoltenberg បាននិយាយក្រោយបញ្ចប់កិច្ចសន្ទនាតាមទូរសព្ទថា នាយករដ្ឋមន្រ្តីហុងគ្រី និងរដ្ឋាភិបាលរបស់លោកបានផ្តល់ការគាំទ្រយ៉ាងច្បាស់លាស់ដល់ការចូលជាសមាជិកភាពរបស់អង្គការណាតូរបស់ប្រទេសស៊ុយអែត។ លោកបានថ្លែងនៅលើបណ្ដាញសង្គម X ថា៖ "ខ្ញុំទន្ទឹងរង់ចាំការផ្តល់សច្ចាប័នរបស់ហុងគ្រី នៅពេលដែលសភាបើកសម័យប្រជុំរបស់ខ្លួនឡើងវិញ"។ គួរបញ្ជាក់ថា សភាជាតិរបស់ហុងគ្រីកំពុងស្ថិតក្នុងអំឡុងវិស្សមកាលនៅឡើយរហូតដល់ពាក់កណ្ដាលខែកុម្ភៈខាងមុខ។
គួរបញ្ជាក់ថា ថ្មីៗនេះ សភាតួកគីទើបបានអនុម័តលើការសុំចូលជាសមាជិក NATO របស់ស៊ុយអែត ដែលការផ្តល់សច្ចាប័នរបស់តួកគីនេះមានន័យថា ហុងគ្រីជាសមាជិកណាតូតែមួយគត់ដែលមិនទាន់បានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ស៊ុយអែតនេះ៕