ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ម្តាយជនបង្កដែលបើករថយន្តJeepបុកគេស្លាប់ បានសម្រេចដកពាក្យបណ្តឹងវិញហើយ

ភ្នំពេញ៖ ម្តាយជនបង្កដែលបើករថយន្ត Jeep បុកបុរសម្នាក់បណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌទួលគោក បានដកពាក្យបណ្តឹងលើគ្រួសារជនរងគ្រោះពីបទ«បរិហាកេរ្តិ៍ជាសាធារណៈ តាមសារព័ត៌មាន និងបទ ជេរប្រមាថជាសាធារណៈ»វិញហើយ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានដោយថា ឈ្មោះ សុខ លីណា ដែលត្រូវជាម្តាយជនបង្កបានពាក្យសុំដកពាក្យបណ្ដឹងរបស់ខ្លួនដែល បានប្តឹងខាងលើមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា...ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្ដឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់....។ ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ»។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះម្តាយជនបង្កបានដាក់ពាក្យបណ្តឹងមកដល់គ្រួសារជនរងគ្រោះខណៈបុណ្យសព១០០ថ្ងៃមិនទាន់បានរៀបចំរួចរាល់នៅឡើយ។

ជនសង្ស័យត្រូវបានតុលាការឃុំខ្លួន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន តាមមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។

តាមមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងនៅក្នុងមាត្រា៥៣នៃក្រមព្រហ្មទណ្ឌ។

តាមមាត្រា៥៤៣ បទរត់គេចខ្លួន បានចែងថា ជនបង្កដែលបង្កឱ្យមានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក