ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឧត្តមសេនីយ៍ឯក តូ ឡឹម បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

ការលើកឡើងរបស់លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ធ្វើឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។

រដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការ ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យឌីជីថលនេះ ដោយសារវៀតណាមក៏បាន និងកំពុងមានកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម មានជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក