ភ្នំពេញ៖ កងទ័ពជើងគោកនៃប្រទេសកម្ពុជា មានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពី ស.វ. ទី១ (ឆ្នាំ៥០ នៃគ.ស) គឺពេលដែលក្សត្រប្រទេសដំបូងបានសោយរាជក្នុងទឹកដីខ្មែរ គិតចាប់ពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន ហើយកងទ័ពជើងគោក ត្រូវបានបានវិវត្តន៍ប្រែប្រួលជាច្រើនលើកច្រើនសារ ទៅតាមសម័យ និងដំណាក់កាលនីមួយៗ។
ក្រោមព្រះរាជបូជីយកិច្ចដឹកនាំ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយ កងយោធពលខេមរភូមិន្ទ ត្រូវបានបដិសន្ធិឡើងពេញលក្ខណៈ ដោយបានបង្កើតនូវ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក) កងទ័ពជើងអាកាសភូមិន្ទ និងកងទ័ពជើងទឹកភូមិន្ទ។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងសង្រ្គាមផ្ទៃក្នុងបានផ្ទុះឡើង រហូតដល់មាតុភូមិកម្ពុជា បានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ សេដ្ឋកិច្ច គ្មានសិទ្ធសេរីភាព ហើយក្របខណ្ឌរចនាសម្ព័ន្ធ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជាទី១ ត្រូវបានកម្ទេចចោលទាំងស្រុង។
ទោះបីជា របបប្រល័យពូជសាសន៍ ត្រូវបានដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យ៉ាងណាក្តី ក៏សង្រ្គាមជម្លោះ ផ្ទៃក្នុងនៅតែបន្តមាន និងបានអូសបន្លាយរហូតដល់មានកិច្ចចរចារស្វែងរងសន្តិភាពរវាង សម្តេចតេជោ ហ៊ុន សែន និង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនលើក ទើបឈានទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ កងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំកសាងឡើងវិញ ឈរលើមូលដ្ឋានរចនាសម្ព័ន្ធកងទ័ពរបស់អតីតតរដ្ឋកម្ពុជា ដោយអនុវត្តន៍តាមរូបមន្តបង្រួបបង្រួម និងឈ្នះឈ្នះ។
ដើម្បីសម្របទៅតាមគោលនយោបាយ ក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ រួមជាមួយការបង្កើត អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម ឧត្តសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជាការរងនិងជានាយសេនាធិការ រួមជាមួយមេបញ្ជាការកងទ័ពជើងគោកមួយចំនួនទៀត។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយក្រសួងការពារជាតិ ក៏បានសម្រេចធ្វើការកែសម្រួលបណ្តាកងពលធំ កងពលតូច ពីក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈពេល ២០ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា (១) ពង្រឹងផែនការប្រៀបការពារជាតិ (២) កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និង កសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឲ្យសមសម្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន (៣) កសាងអគារស្នាក់នៅ ជុំរំជុំរក របស់បណ្តាអង្គភាពតាមបន្ទាត់ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន (៤) កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា (៥) ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោក តាមដំណាក់កាល៕