តុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនបង្កបុករះបណ្តាលឲ្យស្លាប់និងរបួស ៨នាក់ នៅក្រោមស្ពានអាកាសឫស្សីកែវ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើករថយន្ត Ford Ranger បុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សប្រុស-ស្រីចំនួន ៨នាក់បានស្លាប់ និងរងរបួស នៅក្រោមស្ពានអាកាសឫស្សីកែវ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ (ស្រី ៣នាក់) និងរងរបួសមនុស្ស ៤នាក់ (ស្រី ៣នាក់)។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ជនត្រូវចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធី។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង ៦ៈ៤០នាទីយប់ ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បើកបុករះបណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរងរបួសមនុស្ស ៤នាក់៕