តំណាងអយ្យការរាជធានីភ្នំពេញចេញសេចក្ដីប្រកាសព័ត៌មានជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រោមស្ពានអាកាសឬស្សីកែវ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករានេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បុករះដ៏គួរឱ្យរន្ធត់មួយនៅក្រោមស្ពានអាកាសឬស្សីកែវ។ តាមសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្តោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច (ចុះពីលើស្ពាន) ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០៥៤mg/l និងទៅបុកពីក្រោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9275 អូសរុញទៅផ្ទប់បុកនឹងរថយន្ត ម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3779 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រួចរុញទៅបុកនឹងរថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4208 និងបន្តបុករះម៉ូតូម៉ាក HONDA BEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KG-7548 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 និងម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471។ ហេតុការណ៍ ខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី០៣នាក់)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្ស ច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដូចមាននៅខាងក្រោមនេះ៖