សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹករស់ឡើងវិញ ដូចនឹងសម័យបុរាណ។ ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវសិក្សាអំពីកំណកដី និងទំហំស្រះដែលស្ថិតនៅផ្នែកទិសអាគ្នេយ៍ជាប់ប្រាសាទបាយ័ន ដែលជារចនាសម្ព័ន្ធរបស់ស្រះទឹកបុរាណ។
បុរាណវិទូ លោក ខៀវ ច័ន្ទ បានបញ្ជាក់ឱ្យដឹងថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដអំពីទំហំស្រះបុរាណនោះ និងសិក្សាអំពីសណ្ឋានដីដែលចាក់លុបស្រះក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី។
លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។
ក្រុមអ្នកបុរាណវិទូរបានឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕