ភ្នំពេញ៖ ស្ត្រីអាយុ ៧០ឆ្នាំម្នាក់ រក្សាទុកប្លង់ដីកាលពីសម័យបារាំងបានយ៉ាងល្អ ដែលគិតមកដល់ពេលនេះប្លង់នេះមានអាយុជិត ១០០ឆ្នាំហើយ។
នេះគឺជាប្លង់ដែលរក្សានូវសណ្ឋានដើមទាំងស្រុង អត់មាន Note ដាក់ហ៊ីប៊ូតែកជាមួយធានាគារ ឬមីក្រូហិរញ្ញវត្ថុពីសម័យនោះអីទេ! លោកអ្នកអាចមើលឃើញពីទម្រង់រដ្ឋបាលកាលពីសម័យអនានិគមនិយមរំលេចនូវថ្ងៃខែធ្វើយ៉ាងច្បាស់ ១២ កញ្ញា ១៩៣០ សរសេរជាអក្សរបារាំងលើប្លង់ដីនេះ។
ប្លង់នេះជាកេ្តរិ៍ដំណែលរបស់តាស្ដ្រីម្នាក់ដែលរស់នៅក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដែលធ្វើនៅឆ្នាំ១៩៣០ឆ្នាំ ពោលមានអាយុកាល ៩៤ឆ្នាំមកហើយ។ ទោះជាមិនមានសពុលភាពក្នុងពេលបច្ចុប្បន្នក្ដីតែប្លង់នេះមានតម្លៃប្រវត្តិសាស្ត្រនិងការចងចាំមួយនៃអតីតកាលរបស់កម្ពុជា។
អ្នកបណ្តាញសង្គមបានកោតសរសើរលោកយាយដែលចេះរក្សាទុកប្លង់នេះបានយ៉ាងល្អ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Son Bory បានបង្ហោះរូបប្លង់ដី និងរូបលោកយាយ ដោយរៀបរាប់ដូច្នេះថា៖ «លើកទី១ហើយដែលខ្ញុំបានឃើញប្លង់មួយនេះ ប្លង់នេះធ្វើនៅឆ្នាំ១៩៣០ (ម្ចាស់ប្លង់កើតនៅឆ្នាំ១៨៩៩) ជាប្លង់របស់ជីតា របស់លោកយាយ ហើយលោកយាយមានអាយុ ៧០ឆ្នាំហើយ សូមសរសើរលោកយាយដែលថែរក្សាបានយ៉ាងល្អ»។
គួរឱ្យដឹងដែរថាកម្ពុជាស្ថិតក្រោមអណានិគមនិយមបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ មានរយៈពេល ៩០ឆ្នាំ៕