រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម៖ ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំត្រូវតែបន្តពង្រឹងនិងពង្រីក
ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរនាពេលកន្លងមក ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលត្រូវតែបន្តពង្រឹងនិងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជន នៃប្រទេសទាំងពីរ។
លោក តូ ឡឹម លើកឡើងដូចនេះ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យ លោក តូ ឡឹម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការសម្រេចបាន នូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣ កន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គទេស និងជោគជ័យរបស់រាជរដ្ឋាភិបាលបន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក តូ ឡឹម បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និងសន្តិភាព និងបានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និងបានបោះឆ្នោតបំពេញបន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និងអនុប្រធានគណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។
ទន្ទឹមនោះ លោក តូ ឡឹម បានបញ្ជាក់ជូនសម្ដេចតេជោផងដែរថា គណៈបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុក ទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។សម្ដេចប្រធានគណបក្ស បានសំដែងនូវការអបអរសាទរ ចំពោះលោក តូ ឡឹម ដែលទទួលបានគ្រឿងឥស្សរយស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃរបស់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា និងបានឯកភាពអំពីការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងរីកចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។
នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ៕