កម្ពុជាស្នើ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ លោក លី ធុជ ស្នើសុំឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤។
លោក លី ធុជ ស្នើដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងកិច្ចជំនួបនោះ លោក លី ធុជ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលតែងតែគាំទ្រដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក លី ធុជ ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំការគាំទ្រពី UN-ESCAP ក្នុងកិច្ចការសាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយគាំទ្រដល់កម្ពុជាកៀរគរប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ទន្ទឹមនោះ លោកល៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ឆ្នាំ ហើយបានក្លាយជាប្រទេសមួយដែលបានរំដោះផ្ទៃដីមានមីន និងគ្រាប់ច្រើនជាងលើពិភពលោក ក្នុងចំណោមប្រទេស ៣០ ដែលកំពុងធ្វើការបោសសម្អាតមីនដូចកម្ពុជា។
អនុប្រធានទី១ អាជ្ញាធរមីន បានបន្តទៀតថា ឆ្នាំ២០២៥ គឺជាគោលដៅរួមរបស់រដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានមីន។
ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងដល់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អំពីភាពជោគជ័យរបស់កម្ពុជា ក្នុងទទួលបានការគាំទ្រពីរដ្ឋភាគីអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា) ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាការឆ្លើយតប លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ធុជ ដែលបានផ្តល់នូវកិច្ចសហការដល់គណៈប្រតិភូ UN-ESCAP ហើយបានសម្តែងនូវការអរគុណ និងរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកជំទាវ និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិរូបនេះ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលទទួលបានគាំទ្រធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ បន្ថែមលើនេះ លោកស្រីក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រកម្ពុជា៕