ភ្នំពេញ៖ មន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ និងអាជ្ញាធរដែនដីខណ្ឌច្បារអំពៅ បានរកឃើញបង្គាស្រស់ដែលចាក់ចាហួយចំនួន ៤កេស ស្មើនឹង ១៦០គីឡូក្រាម ហើយបានដុតបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ចំណាត់ការនេះធ្វើឡើងក្នុងពេលដែលមន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ និងអាជ្ញាធរដែនដីខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាម៉ុន ជាដើម ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការ។
កិច្ចការងារបង្រ្កាបនេះ អនុវត្តតាមបទបញ្ជារបស់អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។ អាជ្ញាធរបានអំពាវនាវដល់អាជីវករបញ្ឈប់សកម្មភាពនាំចូលរាល់ផលិតផលម្ហូបអាហារដែលគ្មានគុណភាព និងខុសច្បាប់ជាបន្តទៀតដើម្បីសុវត្ថិភាពម្ហូបអាហារ។
ប្រសិនក្នុងករណីសមត្ថកិច្ចរកឃើញថាមានការនាំចូលនូវផលិតផល ឬម្ហូបអាហារគ្មានសុវត្ថិភាពខុសច្បាប់សមត្តកិច្ចនឹងដកហូតយកមកកម្ទេចចោល និងអាចប្រឈមមុខចំពោះច្បាប់ទៀតផង។
សូមបញ្ជាក់ថា សារធាតុចាហួយ (CMC) ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ប៉ុន្តែឈ្មួញខិលខូចមិនបានគិតឡើយថា សារធាតុនេះវានាំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ ហើយជាបទល្មើសខុសច្បាប់៕